អាជ្ញាធរក្រុងសិរិសោភ័ណ មិនសូវខ្វាយខ្វល់រឿង គំនរសម្រាម និងគំនរគ្រួសខ្សាច់ ក្នុងក្រុង
08-07-2016 16:20
(បន្ទាយមានជ័យ)៖ នៅក្រុងសិរិសោភ័ណបច្ចុប្បន្ននេះ គេសង្កេតឃើញថា គំនរសម្រាម គំនរគ្រួសខ្សាច់ ជាច្រើនកន្លែងកំពុងជះក្លិន និងមានគ្រោះថ្នាក់ជាយថាហេតុ កើតឡើងជាបន្តបន្ទាប់ ប៉ុន្តែអាជ្ញាធរក្រុងសិរិសោភ័ណ ដូចជាមិនសូវខ្វាយខ្វល់ និងយកចិត្តទុកដាក់ បែរជាទៅបន្ទោសឲ្យក្រុមហ៊ុន K.R មិនប្រមូលសំរាមឲ្យទាន់ទាត់ទៅវិញ។
ភ្លាមៗនោះផងដែរលោក វៃ គេងលី អភិបាលក្រុងសិរីសោភ័ណ ក៏បានប្រាប់ភ្នាក់ងារ Fresh News ថា ទីតាំងគំនរសម្រាមនេះវាពិតជាមានមែន តែខាងអាជ្ញាធរយើងបានធ្វើការណែនាំ ដល់ក្រុមហ៊ុនជាដង ជាច្រើនសារ តែគ្មានប្រសិទ្ធភាព។
លោកបានបន្តថា «កាលពីសម័យលោក គោស៊ុំ សារឿត អភិបាលខេត្តចាស់បានឲ្យក្រុមហ៊ុន K.R នេះបញ្ឈប់ការប្រមូលសំរាមបន្តទៀត និងរកក្រុមហ៊ុនថ្មី ដើម្បីឲ្យការងារប្រមូលសំរាមឲ្យស្អាត»។
លោកអភិបាលក៏បានបញ្ជាក់ ថាចំពោះគំនរខ្សាច់ថ្មវិញនោះ ខាងអាជ្ញាធរក្រុងយើងបានធ្វើការណែនាំម្ចាស់ជាបន្តបន្ទាប់ មិនថាយ៉ាងណា ប្រជាពលរដ្ឋមិនស្តាប់ នោះឡើយមានតែអាជ្ញាធរយើងបន្តការណែនាំ ឬ មានចំណាត់ការ ណាមួយក្តៅហើយប្រហែលគាត់ ជាពួកគាត់និងឈប់៕