(ភ្នំពេញ)៖ ក្រុមការងាររដ្ឋាករទឹកស្វយ័ត​ក្រុងភ្នំពេញ និងអាជ្ញាធរខណ្ឌ បានបន្តដឹកទឹកចែកជូនប្រជាពលរដ្ឋ ជាច្រើនគ្រួសារដែលខ្វះទឹកប្រើប្រាស់ ក្នុងខណ្ឌមួយចំនួន ជាពិសេសក្នុងតំបន់ជាយរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បី ឱ្យពួកគាត់ទទួលបានទឹកស្អាតប្រើប្រាស់ សម្រាប់បំពេញតម្រូវការប្រចាំថ្ងៃ។

លោក សោម សុវណ្ណ ប្រធាននាយកដ្ឋានអាជីវកម្ម នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឱ្យដឹងថា រយៈពេល៧ថ្ងៃហើយដែលរដ្ឋាករទឹក បានដឹកទឹកសម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋ ដែលកំពុងជួបបញ្ហាខ្វះទឹកប្រើប្រាស់ ដោយបានដាក់ធុងទឹកចំណុះ ៥០០០​លីត្រ ចំនួន១៧ទីតាំង ដែលជាកន្លែងខ្វះខាតទឹកប្រើប្រាស់ច្រើនជាងគេ ដើម្បីឱ្យប្រជាពលរដ្ឋមកយកទៅប្រើប្រាស់ សម្រាប់បំពេញតម្រូវការចាំបាច់ប្រចាំថ្ងៃ ដូចជាដាំស្ល ងូត និងបោកគក់ខោអាវជាដើម។

លោកបន្តថា រដ្ឋាករទឹកនឹងបន្តដឹកទឹកផ្គត់ផ្គង់ដល់ពលរដ្ឋដែលខ្វះខាតទឹក រហូតដល់ពេល ដាក់ឱ្យប្រើប្រាស់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ នៅក្នុងខែឧសភាខាងមុខនេះ។

​លោក ហៃ សុខឃីម ចៅសង្កាត់សំរោងក្រោមបានឱ្យដឹងថា នៅក្នុងសង្កាត់នេះ បានដាច់ទឹករយៈពេល១ខែមកហើយ។ ក្នុងចំណោម១១ភូមិ ក្នុងនោះភូមិចំនួន៦បានដាច់ទឹកទាំងស្រុង។ អាជ្ញាធរ បានសហការជាមួយរដ្ឋាករទឹក និងក្រុមហ៊ុនឯកជន បានដាក់ធុងចែកចាយចំនួន៦ទីតាំងនៅក្នុងសង្កាត់នេះ ដើម្បីឱ្យប្រជាពលរដ្ឋមកយកទឹកទៅប្រើប្រាស់។

លោក ជា សុវណ្ណ មេភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៦ ខែមីនាមក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដឹកទឹកមកផ្គត់ផ្គង់ដល់ពលរដ្ឋជាបន្តបន្ទាប់ ដែលធ្វើឱ្យពលរដ្ឋនៅក្នុងភូមិនេះ មានទឹកប្រើប្រាស់បណ្តោះអាសន្ន ទម្រាំដល់ពេលរោងចក្របាក់ខែងដាក់ដំណើរការ។ លោកសំណូមពរដល់ រដ្ឋាករទឹកបន្តដឹកទឹកមកចែកចាយ ដល់ពលរដ្ឋឱ្យដល់ខែឧសភា រហូតដល់មានទឹកក្នុងបណ្តាញប្រើប្រាស់ជាធម្មតាឡើងវិញ។

ស្ថិតក្នុងវ័យ៥៦ឆ្នាំ អ្នកស្រី ហ៊ាង ពៅ មកពីភូមិដូងតាអន សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដែលបានមកដឹកទឹកពីធុងចែកចាយ របស់រដ្ឋាករទឹក បានបង្ហាញពីផលលំបាកមួយចំនួន បន្ទាប់ពីគ្រួសារអ្នកស្រីប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ កន្លះខែមកនេះ។ ក្នុងមួយថ្ងៃអ្នកស្រីត្រូវមកដឹកទឹកពីធុង ចែកចាយ១ដង ដែលមានប្រមាណ៤ពីដុងចំណុះ៣០លីត្រ សម្រាប់យកទៅប្រើប្រាស់ ដូចជាដាំបាយ ទទួលទាន និងងូតឱ្យកូនចៅជាដើម។

អ្នកស្រីបានថ្លែងអំណរគុណដល់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដែលបានដឹកទឹកស្អាតមកចែកចាយដល់ពលរដ្ឋនៅតំបន់នេះ និងសំណូមពរឱ្យដឹកមកចែកចាយឱ្យបានរាល់ថ្ងៃ ដើម្បីឱ្យពលរដ្ឋមានទឹកប្រើប្រាស់។

ស្របពេលពលរដ្ឋ នៅជាយរាជធានីភ្នំពេញ កំពុងរងការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ នៅរដូវប្រាំងនេះ ប្រធាននាយកដ្ឋានអាជីវកម្ម នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអំពាវនាវដល់អតិថិជនដែលជាម្ចាស់ឧស្សាហកម្ម និងសិប្បកម្មទាំងអស់សូមប្រើប្រាស់ទឹក ដោយសន្សំសំចៃទឹក ដើម្បីចែករំលែកទឹកស្អាតដល់ប្រជាពលរដ្ឋរស់នៅខណ្ឌសង្កាត់ ជាយរាជធានីភ្នំពេញ ដែលកំពុងខ្វះខាតទឹកប្រើប្រាស់ តាមរយៈ ការជួយសន្សំសំចៃទឹក ដោយការកាត់បន្ថយការប្រើប្រាស់ទឹកប្រចាំថ្ងៃ, ផ្អាកការប្រើប្រាស់ទឹកដោយផ្ទាល់ ពីបណ្ដាញទឹករដ្ឋ និងជំនួសវិញ ដោយត្រូវបើកទឹកបញ្ចូលក្នុងអាងស្តុកទុក ឬស៊ីទែន មុននឹងបន្តការប្រើប្រាស់, ចៀសវាងការប្រើម៉ូទ័របូមទឹកផ្ទាល់ពីបណ្ដាញទឹក ដែលជាហេតុបណ្តាលឱ្យធ្លាក់សម្ពាធទឹក ក្នុងបណ្តាញចែកចាយ មិនអាចបញ្ជូនទឹកទៅតំបន់ជាយក្រុងបាន, ពិនិត្យលទ្ធភាពផ្លាស់ប្តូរ ឬកែសម្រួលពេលវេលាផលិតកម្ម ឬការប្រើប្រាស់ទឹកក្នុងម៉ោង ដែលកំពុងមានតម្រូវការគំហុក។ ចំពោះទីតាំងលាងរថយន្ត ត្រូវកាត់បន្ថយការប្រើប្រាស់ទឹក និងសូមម្ចាស់យានយន្តកាត់បន្ថយ ឬផ្អាកការលាងរថយន្តសម្រាប់ខែមីនា និងខែមេសា ឆ្នាំ២០២៣នេះ៕