(ភ្នំពេញ)៖ សមាគមស្បែកជើងកម្ពុជា បានសហការជាមួយសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា រៀបចំសិក្ខាសាលាតាមប្រព័ន្ឋអនឡាញស្តីពី បច្ចុប្បន្នភាពនីតិវិធី និងបែបបទការស្នើសុំការព្យួរកិច្ចសន្យាការងារកម្មករនិយោជិតតាមប្រព័ន្ឋស្វ័យប្រវត្តិកម្ម។

សិក្ខាសាលា ដែលរៀបចំនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នៅអគ្គលេខាធិការដ្ឋានសមាគមស្បែកជើងកម្ពុជា មានវត្តមានចូលរួមពីមន្រ្តីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាវាគ្មិន រួមមាន៖

១៖ លោក ខេម ប៊ុនឈាន ប្រធាននាយកដ្ឋានអធិការកិច្ចការងារ

២៖ លោក គុន សំផន ប្រធានការិយាល័យអធិការកិច្ចការងារ

៣៖ លោក លាង សុភ័គ អនុប្រធានការិយាល័យអធិការកិច្ចការងារ។

លោក ខេម ប៊ុនឈាន ប្រធាននាយកដ្ឋានអធិការកិច្ចការងារ បានធ្វើការផ្សព្វផ្សាយ និងបកស្រាយលម្អិតពីរបៀបនៃការចុះឈ្មោះប្រើប្រាស់ប្រព័ន្ឋស្វ័យប្រវត្តិកម្ម ការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះកម្មករនិយោជិត ការស្នើសុំការព្យួរកិច្ចសន្យាការងារ និងការស្នើសុំបញ្ចប់ការព្យួរកិច្ចសន្យាការងារមុនថេរវេលាកំណត់ ជូនដល់សិក្ខាកាមដែលជាសមាជិកនៃសមាគមស្បែកជើងកម្ពុជា និងសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា សរុបជាង៨០នាក់ ក្នុងន័យបញ្ច្រាប និងជំរុញការអនុវត្តប្រកបដោយប្រសិទ្ឋភាព និងអនុលោមតាមច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ផងដែរថា យោងតាមសេចក្តីណែនាំលេខ០២០/២៣ ក.ប/ស.ណ.ន.ខ.ល ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ដែលកំពុងរងផលប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ចសកល ដែលប្រឈមនិងការស្នើសុំការព្យួរកិច្ចសន្យាការងារកម្មករនិយោជិតចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣នេះតទៅ កម្មករនិយោជិតម្នាក់ៗនិងទទួលបានប្រាក់ព្យួរកិច្ចសន្យាការងារចំនួន៣០ដុល្លារក្នុងមួយខែពីនិយោជក។

ដោយឡែក យោងតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយរក្សាលំនឹង និងសម្រាលបន្ទុកជីវភាពដល់បងប្អូនកម្មករនិយោជិតក្នុងវិស័យគោលដៅខាងលើ សម្តេចបានសម្រេចបន្តកញ្ចប់ឧបត្តម្ភរបស់រាជរដ្ឋាភិបាលជូនដល់កម្មករនិយោជិត ដែលត្រូវបានព្យួរកិច្ចសន្យាការងារដោយរោងចក្រ សហគ្រាសដែររងផលប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ចសកល ក្នុងម្នាក់ៗចំនួន៤០ដុល្លារអាមេរិកក្នុងមួយខែបន្ថែមទៀត៕