(ភ្នំពេញ)៖ ព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ លោក សួង ម៉េងឡុង សមាជិកយុវជនថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារយុវជន ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត ប្រធានគណៈកម្មការបក្សក្រសួង បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងផ្តល់អាហារសាមគ្គីជូនកុមារកំព្រា នៅមណ្ឌលកុមារកំព្រាភ្នំពេញថ្មី ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
លោក យូ សុភ័ក្រ ប្រធានមណ្ឌល បានឲ្យដឹងថា មណ្ឌលកុមារកំព្រាភ្នំពេញថ្មី មានបុគ្គលិកក្របខណ្ឌ ២នាក់ បុគ្គលិកជាប់កិច្ចសន្យា ២នាក់ បុគ្គលិកអណ្តែត ១៣នាក់ និងកុមារកំព្រា ៦៧នាក់ ដែលកុមារទាំងអស់នោះសុទ្ធតែជាកុមាររងគ្រោះអនាថា កំព្រាឪពុកម្តាយ កុមារពិការគ-ថ្លង់ និងគ្មានលទ្ធភាពបន្តការសិក្សានៅសាលារៀន បច្ចុប្បន្នមណ្ឌលបានដោះស្រាយ និង បញ្ជូនកុមារទាំងអស់នោះ បានចូលរៀនសាលារដ្ឋ និង ជំនាញផ្សេងៗទៀត។
មណ្ឌលនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ និង កិច្ចសហការជាមួយអង្គការ កុមារអាស៊ីអាស្ពេកា ជាពិសេសក្រោម ការជួយឧបត្ថម្ភគាំទ្រ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាអង្ករ ៥០០គីឡូក្រាម ថវិកា ១លានរៀល និងបង់ថ្លៃការប្រើប្រាស់ទឹក ភ្លើង ជារៀងរាល់ខែ។
ថ្លែងក្នុងឱកាសនោះ លោកប្រធានក្រុមការងារ ក៏បាននាំការសាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំ និងកោតសរសើរ ចំពោះសកម្មភាពមនុស្សធម៌ ប្រកបដោយក្តីអាណិតស្រលាញ់ របស់បុគ្គលិក នៅក្នុងមណ្ឌល ដែលបានចំណាយពេល ខិតខំប្រឹងប្រែងក្នុងមើលថែ អប់រំ កុមារកំព្រាគ្មានទីពឹង ឲ្យមករស់នៅមានភាពកក់ក្តៅ ដូចកុមារដទៃទៀត។
លោកប្រធានក្រុមការងារ បានបន្តទៀតថា ក្រៅពីការផ្តល់ជំនួយពីក្រុមការងារ ឬ អង្គការដែលជាដៃគូនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏យកចិត្តទុកដាក់យ៉ាងខ្លាំង លើការលើកកម្ពស់ ដល់ប្អូនៗកុមារ ព្រោះប្អូនៗ ជាទំពាងស្នងឫស្សី នឹងជាសសរទ្រូងសម្រាប់ ប្រទេសជាតិ យ៉ាងសំខាន់ ដែលរាជរដ្ឋាភិបាល បានកំពុងជំរុញយកចិត្តទុកដាក់ លើវិស័យអប់រំនេះ ដើម្បីឲ្យកម្ពុជា ជាប្រទេសមានធនធាន មនុស្សប្រកប ដោយសក្តានុពល ដើម្បីជំរុញឲ្យប្រទេសជាតិ មានការរីកចម្រើនឥតឈប់ឈរផងដែរ។
លោកបានគូសបញ្ជាក់ទៀតថា ប្រទេសកម្ពុជា ធា្លប់ឆ្លងកាត់របបប្រល័យពូជសាសន៍ ប៉ុល ពត ដោយបានបំផ្លិចបំផ្លាញខ្ទេចខ្ទីរ គ្មានសល់ ប៉ុន្តែក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើឲ្យប្រទេសជាតិទាំងមូល មានសុខសន្តិភាព មានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះសិទ្ធិជាមូលដ្ឋាន របស់កុមារត្រូវបាន យកចិត្តទុកដាក់គួរជាទីមោទនៈ។
លោក សួង ម៉េងឡុង ក៏បានផ្តាំផ្ញើដល់ប្អូនៗ កុមារឲ្យបន្តការខិតខំប្រឹងប្រែង រៀនសូត្រឲ្យបានខ្ជាប់ខ្ជួន ជៀសឲ្យផុតពីគ្រឿងញៀន និងប្រាសចាកអំពើអបាយមុខផ្សេងៗ ដើម្បីក្លាយខ្លួនជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អ ជួយកសាងសង្គមជាតិឲ្យ រីកចម្រើននាពេលអនាគត។
នាឱកាសនោះ លោកប្រធានក្រុមការងារ និង សមាជិកក្រុមការងារ បានចែកនូវអាហារសាមគ្គី សម្ភារៈសិក្សា ជូនដល់កុមារកំព្រា និងបានឧបត្ថម្ភថវិកាដល់លោកគ្រូអ្នកគ្រូ(ក្នុងម្នាក់ៗ៣ម៉ឺនរៀល) ប្រកបដោយបរិយាកាស សប្បាយរីករាយក្រៃលែង និងស្និទ្ធស្នាលជាទីបំផុត៕