(ភ្នំពេញ)៖ វគ្គសិក្សា «ជំនាញថតរូបក្នុងវិជ្ជាជីវៈសារព័ត៌មាន» ជំនាន់ទី២ សម្រាប់ថ្ងៃដំបូង ដែលធ្វើឡើងនារសៀល ថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០២៣នេះ បានដំណើរការទៅដោយរលូន នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC)។

ថ្នាក់ថតរូប ក្នុងវិជ្ជាជីវៈអ្នកសារព័ត៌មានរបស់ FTC មានការបង្ហាត់បង្រៀនដោយផ្ទាល់ពីលោក ហេង ស៊ីនិត្យ ដែលជាអ្នកជំនាញថតរូបក្នុងអាជីពអ្នកព័ត៌មានជាង៣០ឆ្នាំកន្លងមកហើយ ដោយលោកបានបម្រើការងារទាំងក្នុងស្ថាប័នជាតិ និងអន្តរជាតិ។

ថ្នាក់សិក្សាជំនាញថតរូប រដូវកាលទី២នេះ មានសិស្សចូលរួមប្រមាណ៤០នាក់ ដែលមកពីស្ថាប័នរដ្ឋ សារព័ត៌មាន សង្គមស៊ីវិល និងវិស័យឯកជន ដោយក្នុងនោះមានទាំងអ្នកមានអាជីពនៅក្នុងវិស័យសាព័ត៌មាន និងថតរូប ក៏ដូចជាសិស្សានុសិស្ស ដែលស្វែងរកជំនាញបន្ថែមលើមុខវិជ្ជាសិក្សារបស់ខ្លួនផងដែរ។ ថ្នាក់រៀនថតរូបនេះ មានរយៈពេល៣ខែ ដំណើរការរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង២ ដល់ម៉ោង៤ល្ងាច។

ទន្ទឹមនឹងការបណ្ដុះបណ្ដាលលើជំនាញថតរូបនេះ Fresh News Training Canter (FTC) ក៏កំពុងដំណើរការផងដែរនូវថ្នាក់សិក្សា លើជំនាញវិជ្ជាជីវៈសរសេរព័ត៌មាន ដែលមានការបង្ហាត់បង្រៀនដោយផ្ទាល់ពី លោក ម៉ារ យ៉ារិទ្ធិ ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News ផ្ទាល់។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) គឺជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ត្រូវបានបង្កើតឡើង នៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលជាសហស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News។ ការបង្កើត FTC គឺដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។

FTC មានលោក ម៉ារ យ៉ារិទ្ធិ ជាប្រធាន ដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជិត៤០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។

នៅក្រោយការបញ្ចប់វគ្គសិក្សា សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ផងដែរ៕

ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
* លោក ពេជ្រ ប៊ុនសាយ អគ្គនាយករង Fresh News និងជាអនុប្រធានប្រចាំការ FTC តាមរយៈ
Tel: 089 960 090
Telegram: https://t.me/pichbunsay

* កញ្ញា ថាន រស្មី ប្រធានផ្នែកជំនាក់ទំនងសាធារណៈ FTC តាមរយៈ
Tel: 092 322 334
Telegram: https://t.me/raksmeythanfn