(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារជូនជនរួមជាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ ប្រកបដោយក្ដីសោមនស្សរីករាយ សិរីសួស្ដី និងជ័យមង្គលដ៏ឧត្ដុង្គឧត្តមក្នុងក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។

សម្ដេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះនេះ ជាឆ្នាំចុងក្រោយនៃអាណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ដែលបានខិតខំបន្ដអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ ដែលបានដាក់ចេញកាលពីខែកញ្ញា ឆ្នាំ២០១៨ សម្រេចបានសមិទ្ធផលធំៗថ្មីៗ យ៉ាងច្រើនប្រកបដោយមោទនភាព។

សម្ដេចតេជោ ហ៊ុន សែន បានបន្ដទៀតថា រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ដែលប្រសូត្រចេញពីការបោះឆ្នោតដោយភាពសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងបានទទួលការគាំទ្រ និងជំនឿទុកចិត្តពីប្រជាពលរដ្ឋដ៏ច្រើនលើសលប់ កំពុងបន្ដបេសកកម្មដ៏ឧត្ដុង្គឧត្តមជាប្រវត្តិសាស្ដ្ររបស់ខ្លួន ជាមួយនឹងការប្ដេជ្ញាចិត្តយ៉ាងមុតមាំឥតរាថយ និងកាន់តែស្វាហាប់ទ្វេដងក្នុងការបម្រើប្រជាជន។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលខិតខំបន្ដពង្រឹងសមត្ថភាពផ្ទៃក្នុងជាប់ជាប្រចាំ ជាពិសេសការបន្ដអនុវត្តឲ្យមានប្រសិទ្ធភាពនូវការកែទម្រង់ស៉ីជម្រៅលើគ្រប់វិស័យ ឲ្យកាន់តែមុតស្រួចជាងមុន សមត្ថភាពស្ថាប័នសាធារណៈ និងអភិបាលកិច្ចឲ្យកាន់តែរឹងមាំ មានភាពឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងសក្ដិសិទ្ធិភាព និងមានភាពធន់ខ្ពស់ទៅនឹងវិបត្តិនានា។

ខាងក្រោមនេះ ជាសារលិខិតទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន៖