(រុស្ស៊ី)៖ នាវាកម្ទេចទឹកកករបស់រុស្ស៊ីដែលមានឈ្មោះថា Kapitan Khlebnikov បានសម្រេចចាប់ផ្តើមប្រតិបត្តិការ ដឹកភ្ញៀវទេសចររបស់ខ្លួនឡើងវិញ ក្រោយពីបានផ្អាកដំណើរការអស់ ០៤ឆ្នាំនៅសមុទ្រភាគខាងជើងរបស់ ប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាល្ងាចថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០១៦។
នាវា Kapitan Khlebnikov បានចេញដំណើរពីទីក្រុង Vladivostok ភាគខាងកើតប្រទេសរុស្ស៊ី សំដៅទៅក្រុង Chukotka ដែលស្ថិតនៅភាគខាងជើងប្រទេស ជាតំបន់ដែនសមុទ្រអាក់ទិកស្ថិតនៅប៉ូលខាងជើងភពផែនដី ដែលមានផ្ទាំងទឹកកកគ្របដណ្តប់គ្រប់រដូវរបស់ប្រទេសរុស្ស៊ីតែម្តង។ អំឡុងពេលនៃដំណើរទេសចរណ៍នោះ ភ្ញៀវទេសចរចំរុះជាតិសាសន៍ ១០០នាក់ នឹងត្រូវដើរលើផ្ទាំងទឹកកកអាក់ទិច ហើយនិងជិះទូកកម្សាន្តដើម្បី ទស្សនាផ្ទាំងទឹកកកធំៗដែលអណ្តែតលើផ្ទៃសមុទ្រ ដ៏គួរឲ្យជក់ចិត្តផងដែរ។
គួរបញ្ជាក់ថា ភ្ញាក់ងារទេសចរណ៍រុស្ស៊ី ក៏នឹងប្រើប្រាស់ឧទ្ធម្ភាគចក្រចំនួនមួយគ្រឿងផងដែរ ដើម្បីដឹកភ្ញៀវទេសចរណ៍ពី នាវាកម្សាន្តទៅកាន់កន្លែង ដែលមានផ្ទាំងទឹកកកស្អាតបំផុតលើលោក។ រំលឹកទៅកាន់ឆ្នាំ ២០០៩ ដែលកាលណោះ នាវាទេសចរណ៍រុស្ស៊ីដែលមានមនុស្សជិះ ១៩៣នាក់បានជាប់គាំងនៅមហាសមុទ្រទឹកកកអង់តាក់ទិក នៃប៉ូលខាងត្បូង របស់ភពផែនដីជាច្រើនថ្ងៃ ទើបក្រោយមកត្រូវបានក្រុមសង្គ្រោះបញ្ជូនទៅកាន់ប្រទេសអាហ្សង់ទីន ដើម្បីធ្វើការសង្គ្រោះ បឋម មុននឹងបន្តដំណើរទៅកាន់ប្រទេសរុស្ស៊ីវិញ៕