(ត្បូងឃ្មុំ)៖ មហាចេតិយតម្កល់អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩រូប ត្រូវបានសាងសង់រួចរាល់ជាស្ថាពរហើយ។ មហាចេតិយ ត្រូវបានសង់ឡើងនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

មហាចេតិយនេះ បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ក្នុងបុព្វហេតុរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិ ដែលបង្កើតឡើងដោយសមមិត្ត ហ៊ុន សែន នាថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ ជាច្រើនរូបបានពលីជីវិត របួស និងពិការ។

ក្នុងនោះមានកងកម្លាំងប្រមាណ ៤៩រូប ដែលបានពលីជីវិតលើសមរភូមិ ហើយរកក្រុមគ្រួសារមិនឃើញ ក៏ត្រូវបានរៀបចំបញ្ចុះនៅបូជនីយដ្ឋានយុទ្ធជនពលីកម្ពុជា ស្ថិតនៅភូមិសួសរ៉ាំ ឃុំឡុងយ៉ាវ ស្រុកកាំមី ខេត្តដុងណាយ (ដូនណៃ) ប្រទេសវៀតណាម។ ខេត្តដុងណាយនេះ គឺជាប់ខាងកើតទីក្រុងហូជីមិញ (ព្រៃនគរ)។

ការសាងសង់មហាចេតិយសម្រាប់តម្កល់អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានធ្វើឡើងក្រោមការចង្អុលបង្ហាញ និងណែនាំដោយផ្ទាល់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញប្រារព្ធខួប៤៥ឆ្នាំនៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២) សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យរៀបចំធ្វើមាតុភូមិអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាចំនួន ៤៩រូប មកទុកដាក់នៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នាពេលនោះថា កម្ពុជាមានសុខសន្តិភាព មានលទ្ធភាព ដែលគួរដល់ពេលនាំអដ្ឋិធាតុយុទ្ធជនរំដោះជាតិគ្មានសាច់ញាតិទាំងនោះ ត្រឡប់មកកាន់ទឹកដីកំណើតវិញ។

បន្ទាប់ពីបញ្ចុះលើដីវៀតណាម៤៤ឆ្នាំ អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង ៤៩រូប ត្រូវបានដង្ហែពីវៀតណាម នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយរៀបចំបូជា និងរក្សាទុកបណ្តោះអាសន្ននៅអគារមិត្តភាពនាតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២។

ទន្ទឹមនឹងការសម្ពោធឆ្លងមហាចេតិយនោះ អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង ៤៩រូប នឹងដង្ហែចូលតម្កល់ក្នុងមហាចេតិយនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់។

នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជារងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រៀបចំពិធីសូត្រមន្តតាមបែបសាសនា មុនធ្វើពិធីសម្ពោធឆ្លង។

ការសាងសង់មហាចេតិយនេះ គឺជាបង្ហាញឱ្យឃើញនូវការនឹករលឹកដល់គុណូបការៈដ៏ធំធេងរបស់យុទ្ធជនពលី ហើយក៏ការរៀបចំទុកដាក់ឱ្យបានសមនឹងគុណបំណាច់របស់ពួកគេចំពោះជាតិមាតុភូមិ។

មហាចេតិយត្រូវបានសាងសង់ឡើងយ៉ាងស្កឹមស្កៃ រំលេចជាមួយក្បូរក្បាច់រចនាបថខ្មែរយ៉ាងប្រណិត។ មហាចេតិយ ចំណាយថវិកាប្រមាណ ៧០ម៉ឺនដុល្លារ៕