(កំពង់ចាម)៖ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកចំការលើ ខេត្ដកំពង់ចាម ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៧១ ដែលចំណាយថវិកាសាងអស់ប្រមាណ១.៨លានដុល្លារ ត្រូវបានកាត់ខ្សែបូរណ៍សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី សមាជិកគណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម។

ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានិត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើ បានឲ្យដឹងថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកចំការលើនេះ បានចាប់ផ្ដើមសាងសង់នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ហើយបានបញ្ចប់ទាំងស្រុងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដោយប្រើប្រាស់រយៈពេល១៤ខែ។

លោក ហ៊ុន ម៉ានិត បានបន្ដទៀតថា ការសាងសង់អគារស្នាក់ការគណបក្សដ៏ស្កឹមស្កៃនេះ គឺឆ្លុះបញ្ចាំងពីភាពរឹងមាំ និងការរួមរួបសាមគ្គីរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកគណបក្ស ព្រមទាំងជាបង្អែកសម្រាប់ជាតិ និងប្រជាជន។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី បានធ្វើការវាយតម្លៃខ្ពស់ចំពោះស្មារតីដឹកនាំរបស់លោក ហ៊ុន ម៉ានិត គឺមិនមែនមានតែទីស្នាក់ការគណបក្សស្រុកចំការលើតែប៉ុណ្ណោះទេ តែគណបក្សមានទីស្នាក់ការគ្រប់ឃុំទាំង៨។ ក្នុងនាមគណបក្សកាន់អំណាច មានឆន្ទៈ និងទិសដៅដឹកនាំប្រទេសយូរអង្វែង ការរៀបចំឲ្យមានទីស្នាក់ការគណបក្សស្រុក និងឃុំទាំងអស់នេះ គឺមានមោទនភាព និងបង្ហាញពីភាពខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា ដែលគ្មានគណបក្សណាអាចមកប្រៀបផ្ទឹមបានឡើយ។

លើសពីនេះ ក៏បង្ហាញពីសាមគ្គីភាពនៃសមាជិក សមាជិកា គណបក្ស សប្បុរសជន និងប្រជាពលរដ្ឋ ដែលជឿទុកចិត្ត និងផ្ដល់ការគាំទ្រជារៀងរហូតជូន សម្ដេចតេជោ ហ៊ុន សែន និងតែងតែបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ទាំងការបោះឆ្នោតថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីជូនគណបក្សកម្ពុជា បន្ដបំពេញកាតព្វកិច្ចបម្រើប្រជាជន និងអភិវឌ្ឍប្រទេសឲ្យកាន់តែសម្បូរសប្បាយ និងរីកចម្រើនលើគ្រប់វិស័យ។

ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ក៏បានថ្លែងអំណរគុណដល់សមាជិក សមាជិកគណបក្សស្រុក ឃុំ សាខាបក្ស ក្រុមបក្ស ក្នុងស្រុកចំការលើ និងក្រុមការងារគណបក្សថ្នាក់កណ្ដាល ថ្នាក់ខេត្ត ចុះជួយប្រជាជន ចុះសួរសុខទុក្ខ និងដោះស្រាយការលំបាកនានា រួមនឹងកៀរគរធនធានថវិកាដើម្បីអភិវឌ្ឍមូលដ្ឋានភូមិ ឃុំ ក្នុងស្រុកចំការលើ។ នេះគឺជាភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា និងការផ្សាភ្ជាប់សុខទុក្ខរបស់ប្រជាជន ជាមួយក្រុមការងារគណបក្សចុះជួយមូលដ្ឋាន។

ឈរលើស្មារតីនេះ ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី បានផ្ដល់អនុសាសន៍មួយចំនួន សម្រាប់ក្រុមការងារគណបក្សថ្នាក់កណ្ដាល ក្រុមការងារគណបក្សថ្នាក់ខេត្ត ស្រុក ក្រុមជនបង្គោល យុវជនគណបក្ស និងសមាជិក សមាជិកគណបក្សទាំងអស់ក្នុងស្រុកចំការលើ ត្រូវយកចិត្តទុកដាក់អនុវត្តបន្ថែមលើការងារមួយចំនួន រួមមាន៖

*ទី១៖ ខិតខំប្រឹងប្រែង និងជំរុញការអនុវត្តឲ្យបានសម្រេចតាមសេចក្ដីណែនាំរបស់គណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល ស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ (ទាំងដំណាក់កាលមុនពេលឃោសនាបោះឆ្នោត, យុទ្ធនាការឃោសនាបោះឆ្នោត, ថ្ងៃបោះឆ្នោត និងក្រោយពេលបោះឆ្នោត)

*ទី២៖ បន្ដ និងបង្កើនសកម្មភាពការងារចុះមូលដ្ឋាន ការងារចុះតាមខ្នងផ្ទះប្រជាពលរដ្ឋដើម្បីក្ដាប់ពីបញ្ហានានា និងខិតខំដោះស្រាយនូវសំណូមពរ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ទាំងសេវាតម្រូវការ និងសេវាសំណូមពរ

*ទី៣៖ ពង្រឹងការឯកភាពផ្ទៃក្នុងឲ្យបានខ្ពស់ ទាំងខាងទស្សនៈ គោលជំហរ និងសកម្មភាពក្នុងការពុះពារអនុវត្តរាល់ភារកិច្ចនយោបាយ បង្កើនស្មារតីប្រយុទ្ធបោះឆ្នោតទៅដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០២៣បន្ដទៀត ដើម្បីរួមចំណែកធានាការដឹកនាំយូរអង្វែងរបស់គណបក្ស ដើម្បីជៀសវាងនូវបញ្ហាសតិអារម្មណ៍ សន្ដិភាពនិយម មើលស្រាលគូប្រជែង ផ្ដេកផ្ដួល និងមើលបំណាំគ្នា

*ទី៤៖ គណៈកម្មាធិការគណបក្សស្រុកចំការលើ និងគ្រប់ឃុំទាំង៨ ត្រូវក្ដាប់ឲ្យជាប់នូវកម្មវិធីនយោបាយ និងរាល់គោលការណ៍របស់គណបក្ស ដើម្បីបន្តដឹកនាំការងារនៅមូលដ្ឋានរបស់ខ្លួនឲ្យបានសម្រេចដោយប្រកាន់ខ្ជាប់ និងអនុវត្តម៉ឺងម៉ាត់គោលការណ៍សមូហភាពដឹកនាំ ម្នាក់ៗទទួលខុសត្រូវ និងរបៀបរបបការងាររបស់គណបក្ស

*ទី៥៖ បន្តពង្រឹងការគ្រប់គ្រងសមាជិក និងការកសាងពង្រីកសមាជិកថ្មី ជាពិសេសយុវជនដែលគ្រប់អាយុបោះឆ្នោតតាមគោលការណ៍ «ពង្រឹងចាស់ កសាងថ្មី» ដោយខិតខំធ្វើឲ្យសមាជិកម្នាក់ជាសន្លឹកឆ្នោតគាំទ្រគណបក្សយើងមួយសន្លឹក

*ទី៦៖ បន្តយកចិត្តទុកដាក់ក្នុងការជួយដោះស្រាយការលំបាក និងជួយលើកស្ទួយកម្រិតជីវភាពរស់នៅរបស់សមាជិក សមាជិកាគណបក្ស អង្គការចាត់តាំងគណបក្សនៅស្រុកចំការលើ សមាជិក សមាគមមូលនិធិមន្ត្រីស្រុក ចំការលើ និងសមាគមមូលនិធិគ្រូបង្រៀនស្រុកចំការលើ ដូចជាការផ្តល់ប្រាក់កម្ចី ដោយអត្រាការប្រាក់ទាប ជាដើម។

លោកក៏បានកោតសរសើរចំពោះការផ្តួចផ្តើមគំនិត និងការរៀបចំរបស់ លោក ហ៊ុន ម៉ានិត ចំពោះការបង្កើតសមាគមទាំងពីរនេះនៅស្រុកចំការលើ ហើយក៏អាចជាគំរូមួយសម្រាប់ក្រុង ស្រុកដទៃផងដែរ៕