(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣នេះ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងផែនការ ចុះសាកសួរសុខទុក្ខ និងជូនអំណោយដល់អង្គភាពសម្ព័ន្ធមេត្រីភាពនគរបាលព្រំដែនគោក វរសេនាតូចលេខ៨២៣ និង៣១០ស្រុកសំឡូត ខេត្តបាត់ដំបង។

ថ្លែងក្នុងពិធីសំណេះសំណាលនេះ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បាននាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូរជានិច្ចដល់សុខទុក្ខប្រជាពលរដ្ឋ ជាពិសេសកងទ័ព នគរបាល ដែលកំពុងឈរជើងការពារព្រំដែន និងសូមថ្លែងកោតសរសើរដល់វីរភាពដ៏អង់អាចក្លាហាន បងប្អូនកងទ័ពឈរជើងការពារព្រំដែនរបស់យើង ដែលបានខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី ការពារព្រំដែន ការពារអធិបតេយ្យភាពរបស់កម្ពុជា ការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារព្រះមហាក្សត្រ ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជនកម្ពុជានៃយើង។

ទេសរដ្ឋមន្ដ្រី ឆាយ ថន បានលើកឡើងនូវសភាពការណ៍ថ្មីៗ ដែលបានកំពុងកើតឡើង រួមមាន វិបត្តិសុខភាពជាសកល ការរីករាលដាលជំងឺកូវីដ១៩ ការប្រកួតប្រជែងក្នុងចំណោមប្រទេសមហាអំណាច ដើម្បីដណ្តើមភូមិសាស្ត្រនយោបាយ យោធា សេដ្ឋកិច្ច បច្ចេកវិទ្យាមានលក្ខណៈកាត់តែតានតឹង និងបញ្ហាសង្គ្រាមរវាង អ៊ុយក្រែន និង រុស្សី ជាដើម ជាពិសេសក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិក្នុង និងក្រៅប្រទេស នៅតែមានមហិច្ឆិតា បន្តរិះរកឧបាយកល សកម្មភាពខុសច្បាប់ ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ និងបានប្រមាថម៉ាក់ងាយម្តងហើយ ម្តងទៀតមកលើព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរនៃយើង ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ មកលើរដ្ឋធម្មនុញ្ញ និងគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

លោកទេសរដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា «ដូច្នេះយើងជាកងទ័ព កម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវតែថែរក្សាសណ្តាប់ធ្នាប់សាធារណៈ ការពារប្រឆាំងដាច់ខាតនឹងក្រុមដែលប៉ុនប៉ងបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍដែលយើងកំពុងតែមាននេះ ឲ្យបានគង់វង្សស្ថិតស្ថេរ។ កម្ពុជាជាប្រទេសឯករាជ្យ បូរណភាពទឹកដី និងមាននិតិរដ្ឋ គ្មានបរទេសណាអាចមកបង្គាប់ បញ្ជាបាននោះទេ»។

សម្ភារបរិក្ខារ គ្រឿងឧបភោគ បរិភោគដែលបាននាំមកជូននេះសុទ្ធសឹងជាសណ្តានចិត្ត ទឹកចិត្តសប្បុរសរបស់មន្ត្រីរាជការ ក្រុមការងារសហភាពសហព័ន្ធយុវជនវិស័យផែនការ ព្រមទាំងថ្នាក់ដឹកនាំក្រសួងផែនការទាំងមូល ដើម្បីជាការតបស្នង ដឹងគុណនូវវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពកម្ពុជា ដែលបានពលី សាច់ស្រស់ ឈាមស្រស់ លះបង់គ្រប់បែបយ៉ាង សម្រាប់កម្ពុជានៃយើង មានសុខសន្តិភាព ការអភិវឌ្ឍ ការពារអធិបតេយ្យភាពរបស់កម្ពុជា និងដើម្បីបង្ហាញពីការរឹតចំនងមិត្តភាព សាមគ្គីភាព ការយកចិត្តទុកដាក់ ពីសមរភូមិក្រោយ ចំពោះសមរភូមិមុខ ដែលត្រូវតែមានទំនាក់ទំនងគ្នាយ៉ាងជិតស្និតមិនអាចកាត់ផ្តាច់បាន។

លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ក៏បានឧបត្ថម្ភថវិកាដល់២អង្គភាព ដោយ១អង្គភាពចំនួន៤លានរៀល នគរបាលចំនួន៣១០នាក់ មួយនាក់ ៣ម៉ឹនរៀល ត្រីងៀត៣៦០គីឡូក្រាម មី៣៦០កេសតូច និងឧបត្ថម្ភអធិការនគរបាលស្រុកសំឡូត ចំនួន១លានរៀលផងដែរ។

គួរបញ្ជាក់ថា នេះជាលើកទី២៥ហើយ ដែលគណៈប្រតិភូក្រសួងផែនការ បានអញ្ជើញចុះមកសាកសួរសុខទុក្ខ និងនាំយកអំណោយជូនអង្គភាពទាំងពីរ៕