(ស្វាយរៀង)៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំប្រារព្ធពិធីជូនពរអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង។
អ្វីដែលពិសេសនោះ គឺមានការសហការចូលរួមប្រារព្ធពិធីរួមគ្នារវាងរដ្ឋបាលខេត្តស្វាយរៀង និងខេត្តចំនួន២ទៀតរបស់វៀតណាម គឺខេត្តឡុងអាន និងខេត្តតៃនិញ។
ឱកាសនោះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងថា ផ្ដើមចេញពីផ្លែផ្លានៃចំណងកិច្ចសហប្រតិបត្តិ ខេត្តស្វាយរៀង ខេត្តឡុងអាន ខេត្តតៃនិញ បានកសាងនិងសម្រេចបានសមិទ្ធផលរួមគ្នាក្នុងគ្រប់ដំណាក់កាល ជាពិសេសក្នុងឆ្នាំ២០២២កន្លងមក។
លោកបានបន្តថា រដ្ឋបាលខេត្តស្វាយរៀងនឹងបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កានិងគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍ប្រជាជនទាំងសងខាង និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍតាមតំបន់ព្រំដែនប្រកបដោយសន្តិភាព ភាតរភាព និងចីរភាព។
ជាមួយគ្នានោះ លោកស្រី ម៉ែន សំអន បានបន្តទៀតថា បន្ទាប់ពីបានបើកប្រទេសឲ្យដំណើរការឡើងវិញក្រោយវិប្បត្តិកូវីដ១៩ កម្ពុជា-វៀតណាមនៅតែរក្សាបាននូវភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។
លោកស្រីបានបន្តថា កិច្ចសហប្រតិបត្តិការរវាងខេត្តទាំង៣ ក៏នៅតែត្រូវបានធានានិងពង្រឹងជាបន្តបន្ទាប់យ៉ាងមានប្រសិទ្ធភាព ដែលឆ្លុះបញ្ចាំងតាមរយៈការសហការសម្របសម្រួលយ៉ាងជិតស្និទ្ធ ធ្វើឲ្យធានាបាននូវនិរន្តរភាពនៃការផ្លាស់ប្ដូរ និងការចរាចរទំនិញនិងផលកសិកម្មនៅតាមព្រំដែន ការបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋទាំងសងខាង ធ្វើការប្រមូលផលដំណាំផ្សេងៗនៅតាមព្រំដែនបានរលូននិងល្អប្រសើរ ការរួមគ្នាកែលម្អនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធព្រំដែន ការផ្ដល់ព័ត៌មានគ្នាទៅវិញទៅមកក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕