(កណ្ដាល)៖ នាខែរ៉ម៉ាទននៃឥស្លាមសាសនាទូទាំងសកលនោះ ប្រទេសកម្ពុជាក៏មានការទំនុកបម្រុង ដល់សាសនិកឥស្លាមផងដែរ ក្នុងនោះវិហារឥស្លាមក្រុងតាខ្មៅ ខេត្តកណ្ដាល ក៏ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនពីថ្នាក់ដឹកនាំ សម្រាប់សាសនិកខ្មែរមូស្លីមស្រាយបួសក្នុងខែដ៏ពិសិដ្ឋរ៉ម៉ាទននេះ។

អំណោយដែលប្រគល់ជូនវិហារឥស្លាមក្រុងតាខ្មៅនោះ គឺជាអំណោយរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ប្រធានក្រុមការងារចុះជួយសង្កាត់ដើមមៀន ក្រុងតាខ្មៅ និងជាស្នងការនគរបាលខេត្តកណ្ដាល ដែលលោកបានចាត់ឱ្យលោកឧត្តមសេនីយ៍ត្រី ឆេង សំអឿន និងលោកឧត្តមសេនីយ៍ត្រី ទីន វ៉ាន់ស៊ី នាំទៅប្រគល់ជូនតំណាងវិហារឥស្លាមក្រុងតាខ្មៅ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ត្រី ឆេង សំអឿន និងលោកឧត្តមសេនីយ៍ត្រី ទីន វ៉ាន់ស៊ី បានឱ្យដឹងថា ដោយអនុវត្តតាមការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិព្រែកតាពៅ១ បានសហការជាមួយក្រុមការងារភូមិចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់លោកប្រធានជូនវិហារសម្រាប់សាសនិកខ្មែរមូស្លីមស្រាយបួស អំឡុងពេលកំពុងកាន់អំណត់បួសក្នុងខែរ៉ម៉ាទននេះ។

លោកឧត្តមសេនីយ៍ត្រីទាំង២រូបបានថ្លែងអំពីការយកចិត្តទុកដាក់ ក៏ដូចជាគោលនយោបាយសុខដុមនីយកម្មសាសនាល្អបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានគិតគូរពីគោលនយោបាយសុខដុមនីយកម្មសាសនាដ៏ល្អបំផុតនៅកម្ពុជា ដោយបើកឱកាសទូលំទូលាយដល់សាសនាឥស្លាមទាំងអស់ ប្រតិបត្តិតាមកាតព្វកិច្ចសាសនារបស់ខ្លួនយ៉ាងពេញលេញដោយគ្មានបញ្ហាអ្វីនោះឡើយ។

លោកឧត្តមសេនីយ៍ត្រីទាំង២រូបក៏បានពាំនាំការសួរសុខទុក្ខរបស់លោកប្រធានក្រុមការងារ ដែលតែងតែគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋទាំងអស់ មិនថាប្រជាជនកាន់ពុទ្ធសាសនា ឬក៏ឥស្លាមសាសនានោះឡើយ ហើយពិសេសនោះលោកប្រធានក្រុមការងារក៏បានផ្ដាំផ្ញើដល់សាសនិកឥស្លាមទាំងអស់ថែទាំសុខភាពឱ្យបានល្អផងដែរ។

សូមជម្រាបថា គ្រឿងឧបភោគបរិភោគដែលបានឧបត្ថម្ភកម្មវិហារឥស្លាមក្រុងតាខ្មៅនេះ រួមមាន៖ អង្ករ២៥០គីឡូក្រាម ទឹកបរិសុទ្ធ២០កេស ទឹកក្រូចហ្វាន់តា២០កេស មីខ្លាឃ្មុំ១០កេស ស្ករស៥០គីគូក្រាម ទឹកដោះគោ១កេស។ ថែមទាំងជួយថវិកាទៅវិហារចំនួន ១,០០០,០០០រៀល ជូនថវិកាដល់ប្រជាការពារភូមិចំនួន ៥០០,០០០រៀល សរុបជាថវិកាចំណាយរួមចំនួន៣,៥៦៥,០០០រៀល៕