(ព្រះសីហនុ)៖ លោក សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ចំណេះដឹងមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប ដូច្នេះប្អូនៗសិស្សានុសិស្សត្រូវតែខិតខំប្រឹងប្រឹង ដើម្បីអនាគតភ្លឺស្វាង ព្រោះថាការសិក្សារៀនសូត្រគ្មានថ្ងៃបញ្ចប់។

ការលើកឡើងបែបនេះរបស់លោក សាយ សំអាល់ បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអាគារសិក្សា១ខ្នង និងអាគារស្នាក់នៅរបស់លោកគ្រូអ្នកគ្រូ នៃវិទ្យាល័យហ៊ុនសែនកែវផុស ស្ថិតក្នុងឃុំកែវផុស ស្រុកកែវផុស ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣នេះ។

នាឱកាសនោះដែរលោក សាយ សំអាល់ បានក្រើនរំលឹកដល់ប្អូនៗសិស្សានុសិស្សឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រ ធ្វើការស្រាវជ្រាវឱ្យបានច្រើនស្វែងរកអ្វីដែលថ្មីជារបស់ខ្លួន ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯងឱ្យកាន់តែខ្លាំង និងរីកចម្រើនឱ្យសមស្របទៅនឹងសម័យកាលកំពុងតែជឿនលឿន ព្រោះថាប្អូនៗពិតជាមានសំណាងណាស់ដែលបានរៀនសូត្រក្នុងពេលដែលប្រទេសមានសុខសន្តិភាព។

ប្រធានក្រុមការងារ ក៏បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្ន គឺមានចក្ខុវិស័យច្បាស់លាស់ ត្រឹមត្រូវ និងជាសេចក្តីសង្ឃឹមតែមួយគត់ក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍរីកចម្រើនទៅមុខបន្ថែមទៀត ហើយប្រជាពលរដ្ឋរស់នៅជាមួយនឹងសុខសន្តិភាព។

ទន្ទឹមនឹងនេះដែរ លោក សាយ សំអាល់ បានបន្តថា រយៈពេលជាង៤០ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាបានប្រែក្លាយមុខមាត់ជាបន្តបន្ទាប់ទាំងលើឆាកជាតិ-អន្តរជាតិ ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសរួមមាន៖ ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម។ល។ មាននៅគ្រប់ទីកន្លែងសម្រាប់បម្រើនជូនប្រជាពលរដ្ឋ។ ជាមួយគ្នានោះសមិទ្ធផលថ្មីស្រាឡាងជាផ្លូវល្បឿនលឿន ដែលតភ្ជាប់ភ្នំពេញ-ព្រះសីហនុ គឺបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេស និងការប្រែក្លាយធនធានមនុស្ស ឧស្សាហកម្មនៅតាមរោងចក្រសហគ្រាសកាន់តែតែច្រើនបន្ថែមទៀត ដែលធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានការងារកាន់តែប្រសើរ កាត់បន្ថយភាពក្រីក្រ ដែលទាំងនេះដោយសារការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជាង ៥០០ឆ្នាំកន្លងមកនេះពុំធ្លាប់មាននោះទេ។

សូមបញ្ជាក់ថា ដែលអគារសិក្សា១ខ្នង៦បន្ទប់ ដែលបានសម្ពោធនាពេលនេះ មានទទឹង៩ម៉ែត្រ និងបណ្តោយ ៤៨ម៉ែត្រ ស្ថិតក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន កែវផុស ភូមិឫទ្ធី១ និងអគារស្នាក់នៅលោកគ្រូ អ្នកគ្រូចំនួន១ខ្នង ៤បន្ទប់ មានទទឹង ៨ម៉ែត្រ និងបណ្តោយ ១២ម៉ែត្រ ព្រមទាំងបានឧបត្ថម្ភគ្រែដេកជូនលោកគ្រូ-អ្នកគ្រូ ចំនួន១១គ្រែ សាងសង់ រួចរាល់នៅក្នុងឆ្នាំ២០២២ និងសមិទ្ធផលជាច្រើនទៀត ចំណាយអស់ថវិកា ២០៣,១០៥ដុល្លារអាមេរិក ដែលបានមកពីការឧបត្ថម្ភរបស់លោក សាយ សំអាល់ និងលោកស្រី រួមជាមួយក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុក ថ្នាក់ខេត្ត និងសប្បុរសជនផងដែរ៕