(បាត់ដំបង)៖ លោកបណ្ឌិត ស្រេង វង្សហៀង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានចុះសួរសុខទុក្ខ និងផ្សព្វផ្សាយប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតឱ្យត្រៀមឯកសារ និងអត្តសញ្ញាណប័ណ្ណបានគ្រប់ៗគ្នា ដើម្បីមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រីនីតិកាលទី៧ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ការចុះសួរសុខទុក្ខប្រជាពលរដ្ឋពីសំណាក់លោកបណ្ឌិត ស្រេង វង្សហៀង បានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣នេះ នៅភូមិសាច់ហាប់ ឃុំព្រះផុស​ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាគណបក្សចុះមូលដ្ឋាន លោកមេភូមិ មេឃុំ និងយុវជនបក្សមួយចំនួនផងដែរ។

នាឱកាសនោះដែរ លោកបណ្ឌិត ស្រេង វង្សហៀង ក៏បានផ្សព្វផ្សាយពី​​គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិក សមាជិកា និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានកាន់យល់ច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីធ្វើយ៉ាងណាដឹកនាំប្រទេសកម្ពុជា ឱ្យកាន់តែរីករីកចម្រើនបន្ថែមទៀត។

លោកបណ្ឌិត ស្រេង វង្សហៀង ក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ រួមទាំងការអនុវត្តនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយភាពកក់ក្ដៅ ពិសេសត្រូវទប់ស្កាត់ឱ្យបាននូវបទល្មើសផ្សេងៗ មានល្បែងស៊ីសង ក្មេងទំនើង គ្រឿងញៀន និងចោរកម្មជាដើម។

ជាចុងក្រោយ លោកបណ្ឌិតក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់សូមចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា ព្រមទាំងបានណែនាំទៅដល់ប្រជាពលរដ្ឋដែលបានទៅចូលរួមបោះឆ្នោតត្រូវពិនិត្យឱ្យបានច្បាស់លាស់មុននឹងគូសសន្លឹកឆ្នោត ជាពិសេសលើឡូហ្គោ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញាទេវតាបាចផ្កា ជាសញ្ញាសម្គាល់៕