(ភ្នំពេញ)៖ លោកស្រីគតិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតីភាពបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងផែនការទិសដៅបន្ដឆ្នាំ២០២៣ របស់សមាគមសហគ្រិនស្ដ្រីកម្ពុជា (CWEA) ដែលប្រព្រឹត្ដទៅផ្សារទំនើបអូឡាំព្យ៉ា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោកស្រីកិត្ដិបណ្ឌិត បានថ្លែងថា សមាគមសហគ្រិនស្ដ្រីកម្ពុជា គឺជាសម្លេងមួយរបស់ស្ដ្រីដ៏មានសមត្ថភាព ដែលធ្វើការងារក្នុងវិស័យឯកជន ជាអ្នកធុរកិច្ច។ លោកស្រីរដ្ឋមន្ដ្រីបានថ្លែងបន្ដថា នេះមិនមែនតែជាសម្លេងសម្រាប់ស្ដ្រីយើងនោះទេ តែជាសម្លេងរបស់កម្ពុជាតែម្ដង ដែលមានក្ដេរ្ដិ៍ឈ្មោះនៅលើពិភពលោក ទាំងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក និងវេទិកានៅក្នុងតំបន់។

លោកស្រីកិត្តិបណ្ឌិតបានបន្តថា «សមាគមសហគ្រិនស្ដ្រីកម្ពុជា បានបង្កើតឡើងមានរយៈពេល១១ឆ្នាំមកហើយ ដោយបានពង្រឹងសមត្ថភាពយ៉ាងរឹងមាំ ប្រកបដោយភាពរីកចម្រើនជាលំដាប់ ដែលបានបង្ហាញថា ខ្មែរអាចធ្វើបាន ស្ដ្រីខ្មែរអាចធ្វើបាន ។លើសពីនោះសូមអរគុណសន្ដិភាព បើគ្មានសន្ដិភាព យើងក៏មិនអាចធ្វើអ្វីៗបានដូចពេលនេះ»

ទន្ទឹមនឹងនោះ លោកស្រីរដ្ឋមន្ដ្រីបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំគ្រប់ជំនាន់ និងសមាជិក ក្រុមប្រឹក្សាភិបាលគ្រប់ជំនាន់ ដែលបានដឹកនាំសមាគមមកដល់ថ្ងៃនេះ បានយ៉ាងល្អ ត្រចះត្រចង់។ លើសពីនោះ ខ្ញុំសូមគាំទ្រដល់ការដាក់ចេញនូវទិសដៅការងារបន្ដ ដែលគ្រោងនឹងពង្រីកសាខាសមាគមសហគ្រិនស្ដ្រីកម្ពុជានៅទូទាំងប្រទេស ដែលជាផ្នែកមួយបង្ហាញ សហគ្រិនខ្មែរមិនមែនធ្វើការងារនៅតែភ្នំពេញទេ គឺទៅដល់ទីជនបទផងដែរ។

គួរបញ្ជាក់ថា នៅក្នុងឱកាសសន្និបាតបូកសរុបការងារប្រចាំឆ្នាំចាស់ និងដាក់ទិសដៅឆ្នាំថ្មី ឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ដ្រី បានលើកឡើងថា នេះគឺជាសន្និបាតប្រចាំឆ្នាំលើកទី១១ របស់សមាគម ហើយក៏ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ។លើសពីនេះលោកស្រីរដ្ឋមន្ដ្រី គឺជាជីដូន ជាម្តាយ ជាថ្នាក់ដឹកនាំដ៏ល្អ និងជាស្ត្រីគំរូដែលមានចក្ខុវិស័យវែងឆ្ងាយ និងមុតស្រួច ដែលតែងតែផ្តល់ឱកាស និងលើកទឹកឱ្យស្ត្រីគ្រប់រូបឱ្យមានភាព រឹងមាំ និងបង្កើនភាពអង់អាចក្លាហាន ក្នុងនោះផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ពិសេសលោកស្រីបានតស៊ូស្វិតស្វាញ យ៉ាងលំបាកក្នុងការចូលរួមធ្វើឲ្យមានសមភាព និងសមធម៌យេនឌ័រនៅក្នុងសង្គមកម្ពុជា។

ប្រធានសមាគមសហគ្រិនស្ដ្រីកម្ពុជា បានថ្លែងទៀតថា នៅអាណត្តិនេះ ក៏ដូចជាអាណត្តិមុនៗសមាគមបាននិងកំពុងធ្វើពិពិធកម្មសមាជិកភាព និងធ្វើឱ្យសេវាកម្មរបស់យើងកាន់តែមានបរិយាប័ន្ន និងភាពចម្រុះ និងកាន់តែមានភាពបត់បែនជាងមុនក្នុងការសម្របតាមតម្រូវការរបស់សមាជិក មិនត្រឹមតែសម្រាប់សមាជិកប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ MSMEs ទូទៅផងដែរ ជាពិសេសឥទ្ធិពលរបស់ CWEA នៅថ្នាក់ជាតិ និងតំបន់ និងឈានទៅកាន់ថ្នាក់ពិភពលោកនាពេលដ៏ខ្លីខាងមុខនេះផងដែរ។

ក្រុមប្រឹក្សាភិបាលថ្មីនៃអាណត្តិទី៤នេះ បានប្តេជ្ញាចិត្តបន្តគាំទ្រសកម្មភាព បេសកកម្ម និងចក្ខុវិស័យរបស់យើងជាដាច់ខាត និងចាំបាច់បំផុត ដែលនឹងផ្តល់នូវនិរន្តរភាព និងការបន្តឆ្ពោះទៅមុខនៃដំណើរការអាជីវកម្មខ្នាតតូច និងអាជីវកម្មបង្កើតថ្មី ព្រមទាំងជួយកសាងសមត្ថភាពឱ្យសហគ្រាស និងអាជីវកម្មទាំងនេះសម្រេចបាននូវភាពជោគជ័យមួយកម្រិតទៀត និងឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ ឧកញ៉ា កែវ មុំ ។

ឧកញ៉ា កែវ មុំ បន្ដថា «តាមរយៈផែនការ CWEA នឹងបង្កើតសាខាឲ្យបានគ្រប់ខេត្ត-ក្រុង នៅត្រឹមចុងឆ្នាំ២០២៥ ហេតុដូច្នេះយើងមានពេលមិនច្រើនទេ ក្នុងការធ្វើកិច្ចការនេះ ដែលបច្ចុប្បន្ននេះ យើងមានខេត្តសៀមរាប និងខេត្តបាត់ដំបង ជាផ្លូវការរួចហើយ និងបន្តទៅខេត្តកំពត ខេត្តកំពង់ធំ និងខេត្តកោះកុង នៅប៉ុន្មានខែខាងមុខនេះ ក្រៅពីនេះយើងបាននឹង កំពុងបង្កើតបណ្តាញនៅតាមខេត្តជាច្រើនទៀតរួចហើយដែរ ដែលអាចនឹងមានរូបរៀងក្នុងពេលឆាប់ៗខាងមុខនេះផងដែរ»

សូមជម្រាបថា ក្នុងឱកាសសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំចាស់ និងដាក់ចេញទិសដៅឆ្នាំ២០២៣ សមាគមសហគ្រិនស្ដ្រីកម្ពុជា ក៏បានរៀបចំតាំងពិព័រណ៍រយៈពេល៣ថ្ងៃទី២៩-៣១ ខែមីនា ឆ្នាំ២០២៣ នៅផ្សារទំនើបអូឡាំព្យ៉ា ដោយបានដាក់បង្ហាញផលិតជាច្រើនរហូតដល់ទៅជាង១០០ស្ដង់ និងបានរៀបចំកិច្ចពិភាក្សាតុមូល «កំណត់ក្នុងខ្លួននារី ដែលលើសពីសហគ្រិន» និងកម្មវិធីជាច្រើនទៀត ដែលទាក់ទាញដល់ប្រជាពលរដ្ឋ ចូលរួមទស្សនាជាច្រើនរយនាក់។ ពិសេសនៅយប់ថ្ងៃបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ក៏មានរៀបចំពិធីលៀងសាយភោជន អបអរសាទរខួបលើកទី១១នៃការបង្កើតសមាគម
និងខួបទិវានារីអន្តរជាតិលើកទី១១២ផងដែរ៕