(បាត់ដំបង)៖ ប្រជាពលរដ្ឋចំនួន៧២គ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង តាមរយៈលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣។

ប្រជាពលរដ្ឋទាំង៧២គ្រួសារដែលរងគ្រោះនេះ មាននៅឃុំពេជ្រចិន្តា (៦៩គ្រួសារ) និងឃុំអូរំដូល (៣គ្រួសារ) ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

លោក សុខ លូ បានសម្ដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ ដែលជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។

លោក សុខ លូ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ក្នុងរយៈពេលចុងរដូវប្រាំង ក្កៅហួតហែងខ្លះ មានភ្លៀងធ្លាក់ម្ដងៗដែលលាយឡំដោយខ្យល់កន្ត្រាក់ ផ្គររន្ទះ។ ជាងនេះទៀត យកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពផ្លាល់ខ្លួន និងកុមារតូចៗដែលពួកគាត់ងាយនឹងកើតជំងឺផ្សេងៗក្នុងរដូវនេះ។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួល អង្ករ២៥គីឡូក្រាម ទឹកបរិសុទ្ធ១កេស មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ សំពត់តង់១៕