(ព្រៃវែង)៖ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញក្នុងពិធីប្រកាសលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង បន្ទាប់ពីត្រូវបានថ្នាក់ដឹកនាំផ្ដល់សេចក្ដីទុកចិត្តតែងតាំងកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានពាំនាំពាក្យរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ផ្ដាំសួរសុខទុក្ខសមាជិក-សមាជិកាដែលជាអតីតយុទ្ធជនក្នុងខេត្តព្រៃវែងផងដែរ ដោយសម្ដេចមិនដែលភ្លេច ឬបោះបង់ពួកគាត់ឡើយ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានផ្ដាំផ្ញើដល់ប្រធានកិត្តិយស និងប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនឃុំ-ស្រុកឱ្យចេះបន្ទន់ឥរិយាបថ ដើម្បីបម្រើដោយសេចក្ដីស្មោះអស់ពីដួងចិត្តជូនសមាជិក-សមាជិកាសមាគម ដោយមិនត្រូវមានចរិតឆ្មើងឆ្មៃ និងមិនត្រូវរើសអើងពួកគាត់ឡើយ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានប្ដេជ្ញាចិត្តខិតខំបម្រើគ្រប់សកម្មភាពជូនដល់អតីតយុទ្ធជន និងធ្វើជាសេនាធិការជូនសម្តេចតេជោ ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។ ពង្រឹងរចនាសម្ព័ន្ធចាប់ពីថ្នាក់ខេត្តដល់ថ្នាក់ស្រុក និងជាពិសេសដល់ថ្នាក់សាខា ស.អ.ក ឃុំ-សង្កាត់ជាអ្នករស់នៅជាប់ផ្ទាល់ជាមួយអតីតយុទ្ធជន។

លោកបានប្ដេជ្ញានឹងគ្រប់គ្រងក្តាប់ឱ្យបានរាល់សកម្មភាពទាំងឡាយណា ដែលអតីតយុទ្ធជនដើរផ្ទុយពីគោលការដឹកនាំរបស់រាជរដ្ឋាភិបាល និងគោលនយោបាយដឹកនាំរបស់សមាគមអតីតយុទ្ធជនកម្ពុជា។ ខិតខំកៀរគរសប្បុរសជន ដើម្បីជួយឧបត្ថម្ភគាំទ្របវិច្ចាគថវិកា និងសម្ភារៈជួយដល់គ្រួសារអតីតយុទ្ធជនជួបការលំបាក។ សហការការងារក្នុងជួរថ្នាក់ដឹកនាំរបស់សមាគមឱ្យបានល្អ ឱ្យមានតម្លាភា ពឱ្យមានគណនេយ្យភាព កំណត់របបប្រជុំបូកសរុប ដកបទពិសោធន៍ក្នុងសមាគមតាមអាណត្តិបានកំណត់៕