(សៀមរាប)៖ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣នេះ លោកសាស្រ្តាចារ្យ សេង ផល្លី តំណាងលោក ស សុខា អនុប្រធាន ស.ស.យ.ក និងជាប្រធានក្រុមការងារចង្កោមទី៣ នៃគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី បើកការដ្ឋានសាងសាង់ទីតាំងសម្តែង និងទីតាំងប្រកួតពានរង្វាន់ «មិត្តភាពអង្គរសង្ក្រាន្ត» របស់ក្រុមការងារកម្មវិធីគុនល្បុក្កតោ សង្ក្រាន្តឆ្នាំថ្មី ព.ស.២៥៦៦-២៥៦៧ គ.ស.២០២៣ ដែលស្ថិតនៅបរិវេណប៉ែកខាងត្បូងមុខប្រាសាទអង្គរវត្ត។
ក្នុងនោះក៏មានការចូលរួមពីលោក នុត សវនា ប្រធានក្រុមការងារកម្មវិធីគុនល្បុក្កតោ, លោកឧត្តមសេនីយ៍ សិង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ យោធភូមិភាគ៥ នៃកងយុទ្ធពលខេមរភូមិន្ទ, លោកឧត្តមសេនីយ៍ទោ សាយ រិទ្ធីសក្តិ នាយកសាលានគរបាលជាតិភូមិភាគ៤ ព្រមទាំងសមាជិក សមាជិកា ក្រុមការងារមួយចំនួន។
បន្ទាប់ពីបានបញ្ចប់កម្មវិធីតាមបែបសាសនា ប្រពៃណីទំនៀមទម្លាប់នៅបរិវេណទក្សិណខាងត្បូង ប្រាសាទអង្គរវត្ត គណៈអធិបតី បានបន្តដំណើរទៅត្រួតពិនិត្យទីតាំងបញ្ជាការស្រាលរបស់ក្រុមការងារនៅបរិវេណវត្តទេពប្រណម ទីតាំងសម្តែងទស្សនីយភាព «ព្រលឹងគុនល្បុក្កតោ» នៅបរិវេណព្រះលានជល់ដំរី និងទីតាំងកម្មវិធី «ភូមិ SEA Games» នៅបរិវេណប្រាសាទបាយ័នផងដែរ៕