(បន្ទាយមានជ័យ)៖ មន្ត្រីជាន់ខ្ពស់នាយកដ្ឋានកណ្តាលនគរបាលព្រំដែន បានប្រកាសទៅកាន់ពលករខ្មែរដែលមានបំណងចេញពីប្រទេសថៃ ដើម្បីមកលេងបុណ្យចូលឆ្នាំថ្មីនៅស្រុកកំណើតវិញ ត្រូវធ្វើដំណើរចូលតាមច្រកទ្វារព្រំដែនអន្តរជាតិ ដាច់ខាតមិនអនុញ្ញាតឱ្យចូលតាមច្រករបៀង ឬដើរកាត់ព្រៃឡើយ ព្រោះអាចប្រឈមនឹងគ្រោះថ្នាក់។

មន្ត្រីជាន់ខ្ពស់ដដែលនោះក៏បានបញ្ជាទៅកាន់កម្លាំងឈជើងតាមបន្ទាត់ព្រំដែន ត្រូវត្រៀមការពារពលករដែលឆ្លងពីប្រទេសថៃចូលមកកម្ពុជា និងអនុវត្តបទបញ្ជានេះឱ្យបានត្រឹមត្រូវ។

ការលើកឡើងនេះធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយកម្លាំងឈជើងតាមបន្ទាត់ព្រំដែននៅទិសភូមិភាគ៥ ក្រុងប៉ោយប៉ែត នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន បានណែនាំនិងដាក់វិធានការចំពោះកងកម្លាំងដែលកំពុងឈជើងតាមបន្ទាត់ព្រំដែន ត្រូវទប់ស្កាត់ពលករខ្មែរមិនឱ្យលួចចូលតាមច្រករបៀងខុសច្បាប់ និងឆ្លងដែនកាត់ព្រៃឡើយ ព្រោះអាចប្រឈមគ្រោះថ្នាក់គ្រប់ពេល។

លោកឧត្តមសេនីយ៍ឯក លៀង ភារម្យ បានបន្តណែនាំទៀតថា «កងកម្លាំងដែលកំពុងឈជើងតាមបន្ទាត់ព្រំដែន ត្រូវណែនាំឱ្យពលករចូលតាមច្រកទ្វារព្រំដែនអន្តរជាតិ ក្នុងឱកាសដែលពួកគាត់មកលេងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ»

ចំណែកលោកឧត្តមាសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោកទិសភូមិភាគ៥ ក៏បានរំលឹកពីការខិតខំ និងស្នាដៃរបស់កងកម្លាំងឈជើងតាមបន្ទាត់ព្រំដែនផងដែរ។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ ខេង សុហ្វីណេ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន បានណែនាំដល់កងកម្លាំងនគតរបាលការពារព្រំដែនគោកទិសភូមិភាគ៥ ត្រូវខិតខំការពារបូរណភាពទឹកដី មិនឱ្យប្រទេសជិតខាងឈ្លានពាន និងទប់ស្កាត់បទល្មើសឆ្លងដែនរថយន្តចង្កូតស្តាំ ម៉ូតូ និងទំនិញខូចគុណភាព ដែលឈ្មួញលួចលាក់នាំចូលឆ្លងដោយខុសច្បាប់នាំចូលពីប្រទេសជិតខាង ត្រូវទប់ស្កាត់ឱ្យបាន៕