(បន្ទាយមានជ័យ)៖ ឆ្លើយតបទៅនឹងសំណូមពរដ៏ទទូចរបស់អ្នកស្រី ស្វាត់ ចាន់ថុន ដែលជាមេឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលអ្នកស្រីបានស្កាត់ជួប លោក សេរី កុសល តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ព្រមជាមួយការលើកដៃសំពះ ក្នុងចំណោមមនុស្សជាច្រើន ដែលមកចូលរួម ពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលកាលពីពេលថ្មីៗកន្លងទៅនេះ ធ្វើឲ្យលោក សេរី កុសល ចាប់អារម្មណ៍ខ្លាំង និងកោតសរសើរ ក្នុងចិត្តនូវភាពក្លាហានរបស់អ្នកស្រី ដែលជាមេឃុំស្ត្រីតែម្នាក់គត់ ក្នុងចំណោមឃុំទាំង៦ នៃស្រុកភ្នំស្រុក មកពីគណបក្សប្រជាជនកម្ពុជា ដែលសំពះអង្វរសុំផ្លូវ១ខ្សែ ប្រវែងជិត១គីឡូម៉ែត្រ តភ្ជាប់ពីភូមិដាច់ស្រយាលចំនួនពីរ គឺភូមិបុស្សស្បូវ និងភូមិត្រាង ដែលជាភូមិដាច់ស្រយាលនៃឃុំភ្នំដី ដើម្បីជូនប្រជាពលរដ្ឋនិងសិស្សានុសិស្ស ងាយស្រួលធ្វើដំណើរប្រកបរបររកស៊ី និងរៀនសូត្រមកកាន់ទីប្រជុំជនឃុំភ្នំដី។

ភ្លាមៗនៅចំពោះមុខ លោក សេរី កុសល បានសួរនាំ និងប្រគល់ថវិកា៥លានរៀល ក្នុងសំណូមពរ ១៦លានរៀល ដើម្បីឲ្យចាប់ផ្ដើម បើកការដ្ឋានសាងសង់ភ្លាមពេលត្រឡប់ទៅវិញ ។ ដូចការរំពឹងទុក និងពោរពេញដោយទំនុកចិត្ត ការដ្ឋានបានបើកដោយមានការចូលរួមពីកូនប្រុសលោក សេរី កុសល, លោក សេរី ជំនះ លោកអភិបាលរងខេត្ត ឃ្លោក ណួយ លោកអភិបាលរងស្រុកទាំង៣រូប បានអញ្ជើញចូលរួមបើកការដ្ឋានផងដែរ។

ឥឡូវនេះ ដំណើរការសាងសង់កំពុងមានសកម្មភាព ហើយឆ្លៀតឱកាសនេះ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ លោក សេរី កុសល និងក្រុមការងារទទួល បន្ទុកចុះជួយស្រុកភ្នំស្រុក និងក្រុមការងារថ្នាក់ខេត្ត ស្រុកចុះជួយឃុំភ្នំដី បានចុះពិនិត្យការដ្ឋានផ្ទាល់ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋទាំង២ភូមិ សរុប ចំនួន៦៥០នាក់ ដើម្បីសាកសួរសុខទុក្ខ និងពាំនាំនូវការនឹករលឹកពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ពីនាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារ ចុះជួយខេត្តបន្ទាយមានជ័យ ជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយពន្យល់ពីស្ថានភាពនយោបាយ ប្រទេសជាតិ តាំងពីអតីតកាល រហូតដល់បច្ចុប្បន្ន ពីចំណុចពិសេសជាច្រើនដែលបងប្អូនត្រូវ ចូលរួមការបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះកុំបី អាក់ខានឡើយ។

ពិធីសំណេះសំណាលបានបន្តពីនេះពីនោះ ជាពិសេសចំណុច ដែលលោក សេរី កុសល ធ្លាប់ធ្វើសកម្មភាពពីអតីតកាល សម័យសង្គ្រាម នៅក្នុងតំបន់នេះ ដែលប្រជាពលរដ្ឋនៅចងចាំ និងស្គាល់ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត។

ចុងបញ្ចប់ លោក សេរី កុសល និងគណៈប្រតិភូក្រុមការងារ បានចែកជូននូវសម្ភារមួយចំនួន កំដរដៃទុកជាអនុស្សាវរីយ៍ រួមទាំងថវិកានិងហូបនំបញ្ចុកសាមគ្គី ប្រកបដោយក្តីសប្បាយរីករាយ។

ចំណុចពិសេស ដែលបងប្អូនរីករាយត្រេកអរ គឺបងប្អូនបានជួបមុខលោក សេរី កុសលផ្ទាល់ និងទទួលបាននូវ ផ្លូវ១ខ្សែ ដែលពុំធ្លាប់មានសោះពីអតីតកាល។

នេះគឺដោយសារ ម្លប់នៃសន្តិភាពដែលទទួលបានដោយនយោបាយឈ្នះៗ របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទឹងនឹងនោះ ដែលក៏មានការស្នើសុំពីមេភូមិកូនខ្លែង និងភូមិព្រះអណ្តូងនៃឃុំប៉ោយចារ ស្នើសុំជួសជុល ផ្លូវក្នុងភូមិទាំងពីរ និងផ្លូវចេញពីភូមិទៅកាន់ទីប្រជុំជនឃុំប៉ោយចារ ប្រវែង១៤គីឡូម៉ែត្រ ដែលទទួលរងការខូចខាតដោយសារទឹកជំនន់ កន្លងមកថ្មីៗនេះ ដែលត្រូវចំណាយពេល ធ្វើដំណើរជាង១ម៉ោង ក្នុងចំងាយផ្លូវនេះ។

លោក សេរី កុសល ក៏បានសម្រេចផ្តល់ ការជួសជុលជាអន្លើ សំរួលចរាចរណ៍ចេញចូល ឲ្យបានល្អប្រសើរ មុនពេលចូលឆ្នាំខ្មែរខាងមុខនេះ ដោយត្រូវចំណាយថវិកាប្រហែល២០លានរៀល ហើយដែលការងារនេះ បានចាប់ផ្ដើមធ្វើជាបណ្ដើរៗដោយមានវត្តមានកូនប្រុសខ្ញុំ សេរីជំនះ ជាមួយរដ្ឋអំណាចមូលដ្ឋាន ភូមិឃុំ និងការចូលរួមពីប្រជាពលរដ្ឋ យ៉ាងផុសផុល និងស្រស្រាក់ស្រស្រាំ យ៉ាងសប្បាយរីករាយ៕