(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឱ្យដឹងថា ការប្រកួតកីឡាអាស៊ីអាគ្នយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ (SEA Games-ASEAN Para Games 2023) នឹងប្រព្រឹត្តទៅនៅតាមរាជធានី-ខេត្ត ចំនួន៥ និង១៧ទីតាំង។

បើតាមសម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា សម្រាប់ទីតាំងទាំង១៧កន្លែងនេះរួមមាន៖ រាជធានីភ្នំពេញ ចំនួន១៤ទីតាំង, ខេត្តសៀមរាប ចំនួន ២ទីតាំង, ខេត្តព្រះសីហនុ ចំនួន ២ទីតាំង, ខេត្តកំពត ១ទីតាំង និងខេត្តកែប ១ទីតាំង សុទ្ធជាការងារបច្ចេកទេសដ៏មានសារៈសំខាន់ និងដើរតួនាទីស្នូលក្នុងការប្រកួតកីឡា SEA Games-ASEAN Para Games។

ការឱ្យដឹងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ចំនួន៤១១,២០០ដុល្លារ ជូនដល់គ្រូបង្វិក និងកីឡាករ កីឡាការិនី ម្ចាស់ជយលាភីមេដាយពីការចូលរួមប្រកួតកីឡាអាស៉ីអាគ្នេយ៍ លើកទី៣១ នៅប្រទេសវៀតណាម នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ នៅទីស្តីការក្រសួងការពារជាតិ។

នាឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ផ្អែកតាមផែនការសកម្មភាព និងក្របខណ្ឌពេលវេលា ពិសេសតាមការត្រួតពិនិត្យ និងវាយតម្លៃចុងក្រោយ យើងនៅសេសសល់ ការងារមួយចំនួនទៀតដែលត្រូវធ្វើបន្ទាន់ មានជាអាទិ៍ ការបំពាក់ឧបករណ៍ សម្ភារៈបច្ចេកទេស និងការតុបតែងទីលានប្រកួត ព្រមទាំងការងារពាក់ព័ន្ធមួយចំនួនទៀត។

សម្តេចប្រធាន CAMSOC បានលើកឡើងថា កត្តាជោគជ័យនៃការអនុវត្តផែនការមេឆ្ពោះទៅការធ្វើម្ចាស់ផ្ទះការប្រកួតកីឡា SEA Games-ASEAN Para Games 2023 គឺតម្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការអនុវត្តទាំង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាជន មហាជន វិស័យឯកជន និងអង្គការកីឡាជំនាញ ប៉ុន្តែត្រូវស្ថិតនៅក្រោមការគ្រប់គ្រងត្រួតពិនិត្យ អនុវត្ត និងវាយតម្លៃហ្មត់ចត់ និងជាប្រចាំពីគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងក្រសួងពាក់ព័ន្ធមួយចំនួនទៀត។

សូមជម្រាបថា គិតត្រឹមថ្ងាំទី០១ ខែមេសា ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៣៤ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។
ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ។

SEA Games: ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games: ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣។

នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ព្រះរាជពិធីសុំព្រះអគ្គីកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ បានចាប់ផ្តើមជាផ្លូវការ ហើយនឹងបន្តរត់តាមបណ្តាប្រទេសតំបន់អាស៊ីអាគ្នេយ៍ទាំង ១០ប្រទេស មុនវិលត្រលប់មកប្រទេសកម្ពុជា ដើម្បីប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការតែម្ដង៕