(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) អញ្ជើញប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន៤១១,២០០ដុល្លារ ជូនដល់គ្រូបង្វិក និងកីឡាករ កីឡាការិនី ម្ចាស់ជយលាភីមេដាយពីការចូលរួមប្រកួតកីឡាអាស៉ីអាគ្នេយ៍ លើកទី៣១ នៅប្រទេសវៀតណាម។

ពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ម្ចាស់ជយលាភីមេដាយ និងគ្រូបង្វឹក ពីការចូលរួមប្រកួតកីឡាអាស៉ីអាគ្នេយ៍លើកទី៣១ នៅវៀតណាមបានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC, លោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីសុខាភិបាល និងអ្នកពាក់ព័ន្ធមួយចំនួនទៀត នៅទីស្តីការក្រសួងការពារជាតិ។

នាមគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC សម្តេចពិជ័យសេនា ទៀ បាញ់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែងតែគិតគូរយកចិត្តទុកដាក់ លើកកម្ពស់វិស័យកីឡា ដែលជាវិស័យអាទិភាពមួយរបស់ជាតិ និងជាកត្តាចម្បងក្នុងការបង្កើនប្រសិទ្ធ ភាព គុណភាព គុណផលកីឡា ត្រៀមខ្លួនរបស់អត្តពលិក និងពង្រឹងគុណភាពការប្រកួតគ្រប់កម្រិត សំដៅដណ្តើមបានលទ្ធផលល្អប្រសើរ ក្នុងការប្រកួតកីឡាលើឆាកអន្តរជាតិ ពិសេសឆ្ពោះទៅកាន់ SEA Games-ASEAN Para Games 2023។

ជាមួយគ្នានេះ សម្តេចពិជ័យសេនា ទៀ បាញ់ សូមអបអរសាទរ និងសូមកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡា គូ បង្វឹក កីឡាករ កីឡាការិនី ដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់មានការរីកចម្រើនគួរឱ្យកត់សម្គាល់ មាន វឌ្ឍនភាពល្អប្រសើរទាក់ទិននឹងគុណភាព គុណផលកីឡាករ កីឡាការិនី។

នៅចំពោះមុខគ្រូបង្វិក កីឡាករ កីឡាការិនី, សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ផ្តល់អាទិភាពយ៉ាងខ្លាំងលើ វិស័យកីឡា រួមជាមួយនឹងការគាំទ្រដ៏ផុលផុសរបស់ប្រជាជនកម្ពុជាគ្រប់រូបនៅរាល់ព្រឹត្តិការណ៍ប្រកួតកន្លងមក បាននាំមកនូវបទពិសោធន៍ ចំណងមិត្តភាព ស្មារតីស្រឡាញ់ជាតិ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្ត ប្រទេសនានាឱ្យកាន់តែសម្បូរបែប និងខ្លាំងក្លាថែមទៀត ស្របតាមសភាពការណ៍រីកចម្រើននៃសង្គម សេដ្ឋកិច្ច ជាពិសេសដំណើរឆ្ពោះទៅរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៅពេលដ៏ឆាប់ខាងមុខ។ ប្រការនេះទាមទារឱ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់រួមគ្នាបន្តខិតខំប្រឹងប្រែងថែមទៀត ក្នុងការប្រើប្រាស់ធនធានឱ្យអស់លទ្ធភាព ការបង្កើនសមត្ថភាព និងឆន្ទៈ ស្របតាមតួនាទី និងភារកិច្ចរៀងៗខ្លួន។

ទន្ទឹមនឹងនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា រហូតមកដល់បច្ចុប្បន្ននេះ តាមរយៈគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានត្រៀមលក្ខណៈសម្បត្តិទាំងហេដ្ឋារចនាសម្ព័ន្ធកីឡា ហេដ្ឋ រចនាសម្ព័ន្ធសាធារណៈគាំទ្រដទៃទៀត, អភិវឌ្ឍន៍សមត្ថភាពធនធានកីឡា មន្ត្រីជំនាញបច្ចេកទេស ប្រភេទកីឡា និងការពង្រឹងសហព័ន្ធកីឡាជាតិ តាមរយៈយន្តការគណៈកម្មការជំនាញទាំង១៤ ដែលមានបទពិសោធន៍រៀបចំព្រឹត្តិការណ៍ធំៗកន្លងមក ទទួលបានជោគជ័យ។ ជាមួយគ្នានេះ ក៏មានការគាំទ្រ និងសម្រេចរួមគ្នាពីសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងគណៈកម្មការអូឡាំពិកលើប្រភេទកីឡា និងវិញ្ញាសា ប្រកួតទាំងអស់ តាមផែនការរៀបចំ SEA Games-ASEAN Para Games។

ជាក់ស្តែងកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ កម្ពុជាបានរៀបចំកិច្ចប្រជុំនាយបេសកកម្មអាស៊ានប៉ារ៉ាហ្គេម ត្រៀមរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣៥ ដែលមានបណ្តាប្រទេសអាស៊ាន និងតំបន់ចូលរួមដំណើរការដោយរលូន ទទួលលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ។

នាឱកាសនោះដែរ លោកបណ្ឌិត ថោង ខុន បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា, សហព័ន្ធកីឡាជាតិ ជាពិសេសគ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិទាំងអស់ រួមកម្លាំងគ្នា រួមស្មារតី និងមានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការអនុវត្តការងារគ្រប់ផ្នែកសម្រាប់ឈានឆ្ពោះទៅកាន់ព្រឹត្តិការណ៍ SEA Games-ASEAN Para Games 2023 ដែលជាការបង្ហាញពីឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យកីឡាកម្ពុជាឱ្យបានស្មើមុខ ស្មើមាត់នៅក្នុងតំបន់ និងអន្តរជាតិ៕