(ព្រះសីហនុ)៖ ឧត្តមសេនី៍យ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិកាដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា ថ្នាក់ដឹកនាំ គង្វាល គ្រីស្ទបរិស័ទ និងនិស្សិត ក្នុងវិស័យគ្រីស្ទសាសនាទទួលបានចំណេះដឹងពីវគ្គបណ្តុះបណ្តាលស្តីពីបញ្ហាគ្រឿងញៀន។

ការថ្លែងបែបនេះរបស់ឧត្តមសេនីយ៍ឯក លឹម តុងហួត បានធ្វើឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលបណ្តុះបណ្តាលស្តីពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀនក្នុងវិស័យគ្រីស្ទសាសនា​ នាល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញ។

លោក ហម គីមលី ប្រធានសាខាបណ្តាញខេត្តព្រះសីហនុ បានរាយការណ៍លទ្ធផលនៃវគ្គបណ្តុះបណ្តាលថា សិក្ខាកាមទទួលបានចំណេះដឹងបន្ថែមទៀតលើ៖ អត្តសញ្ញាណនៃគ្រឿងញៀន ផលប៉ះពាល់នៃគ្រឿងញៀន ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ពីការបង្ការខ្លួនឯង និងក្រុមគ្រួសារនិងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ថ្លែងក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ, ឧត្តមសេនីយ៍ឯក លឹម តុងហួត បានកោតសសើរដល់សិក្ខាកាមនៃវគ្គបណ្តុះបណ្តាលទាំងអស់ដែលបានខិតខំត្រង់ត្រាប់ស្តាប់ និងចែករំលែកបទពិសោធន៍ពីវាគ្មិនជំនាញ តាមរយៈករណីសិក្សា និងការចោទសំណួរយ៉ាងផុលផុស។

ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងបន្តថា ទ្រឹស្តីព្រះពុទ្ធ និងទ្រឹស្តីព្រះយេស៊ូវគ្រីស្ទ មានទស្សនកម្មផលដូចគ្នា គឺសាងល្អ បានល្អ និងសាងអាក្រក់ បានអាក្រក់ ដូចនេះសូមសំណូមពរដល់ថ្នាក់ដឹកនាំ គង្វាល គ្រីស្ទបរិស័ទ និងនិស្សិតទាំងអស់ សូមយកចំណេះដឹង និងឯកសារដែលទទួលបាននេះទៅសិក្សាស្រាវជ្រាវបន្ត និងរួមគ្នាសាងអំពើល្អផ្សព្វផ្សាយបន្តដល់មិត្តភក្តិ ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀនដើម្បីសហគមន៍មានសុវត្ថិភាព និងបន្តការអភិវឌ្ឍរីកចម្រើនទៅមុខ៕