(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសចាប់ផ្ដើមទទួលពាក្យសុំចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដើម្បីចូលរួមយកព័ត៌មានក្នុងដំណើរការនៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣។

យោងតាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ កាលបរិច្ឆេទនៃការចុះឈ្មោះអ្នកសារព័ត៌មានជាតិ ត្រូវបញ្ចប់ត្រឹមថ្ងៃទី១២ ខែកក្កដា និងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ សម្រាប់អ្នកសារព័ត៌មានអន្តរជាតិ។

គ.ជ.ប មានផ្ដល់ជូនដោយឥតគិតថ្លៃនូវគំរូពាក្យសុំ និងបែបបទសម្រាប់សុំបណ្ណសម្គាល់ អ្នកសារព័ត៌មាន នៅទីស្តីការ គ.ជ.ប (ជាន់ទី៨ បន្ទប់ B) ឬអាចទាញយកពីគេហទំព័រ គ.ជ.ប www.nec.gov.kh/khmer/content/6427។ នៅពេលបំពេញបែបបទតាមទម្រង់រួចរាល់ អ្នកសារព័ត៌មានអាចយកពាក្យមកដាក់ដោយផ្ទាល់នៅ គ.ជ.ប ឬអាចផ្ញើតាមរយៈអ៊ីម៉ែល: [email protected] ឬតេឡេក្រាម (០៩៣ ៨០២ ៧៣៤)។

អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលទទួលបានការអនុញ្ញាតជាផ្លូវការ និងមានបណ្ណសម្គាល់អ្នកសារព័ត៌មាន សម្រាប់យកព័ត៌មានក្នុងដំណើរការនៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាង-រាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត សេចក្ដីណែនាំផ្សេងៗ ព្រមទាំងក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងដំណើរការបោះឆ្នោត។

សូមជម្រាបជូនថា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ តាមរយៈកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ គ.ជ.ប បានប្រកាសបើកដំណើរការនៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ និងបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ចូលរួមសហការជាមួយ គ.ជ.ប ដើម្បីធ្វើយ៉ាងណាធានាឱ្យដំណើរការនេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យ៕