(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្គាប់ជាថ្មីដល់ក្រសួងស្ថាប័នរាជរដ្ឋាភិបាល ឱ្យបន្តតាមដានព័ត៌មាន និងពន្យល់ដល់ប្រជាពលរដ្ឋនានា ដែលបានចូលទៅ Comment នៅលើទំព័រ Facebook ផ្លូវការរបស់សម្តេច។ នេះបើតាមការឱ្យដឹងពី លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា សម្តេចតេជោ ហ៊ុន សែន បានរម្លឹកបែបនេះ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦នេះ ស្របពេលដែលអ្នកចូលរួម Comment និង Like កាន់តែច្រើននៅលើទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន។
លោក ផៃ ស៊ីផាន បានបញ្ជាក់ថា «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានក្រើនរំលឹកសារជាថ្មីដល់គ្រប់ក្រសួង ស្ថាប័ន ឲ្យតាមដានព័ត៌មានជាប្រចាំ និងឆ្លើយឆ្លងពន្យល់ឲ្យបានរស់រវើក និងទាន់ហេតុការណ៍ នូវអ្វីដែលប្រជាពលរដ្ឋបាន Comment លើFB របស់សម្តេច ដើម្បីផ្តល់ព័ត៌មានត្រឡប់ជូនដល់ ប្រជាពលរដ្ឋតាមរយៈ FB របស់សម្តេច»។
លោកបានបន្ថែមទៀតថា «នេះជាការលើកទឹកចិត្តសារជាថ្មី ដល់ប្រជាពលរដ្ឋក្នុងការលើកឡើងជម្រាបជូនសម្តេច នូវកង្វល់ ឬសំណូមពរ។ នេះជាវេទិការសាធារណៈសម្រាប់ប្រជាពលរដ្ឋ ទទួលបាននូវភាពជិតស្និទ្ធជាមួយសម្តេចនាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយបញ្ហានិងផ្តល់ ដំណោះស្រាយរវាងរាស្ត្រ និងរដ្ឋ ដែលស្ថិតនៅក្នុងស្មារតីរួបរួមគ្នា កសាងប្រជាជាតិតែមួយ»។
កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីណែនាំមួយ ឲ្យរដ្ឋមន្រ្តីគ្រប់ក្រសួងទាំងអស់ ចាត់តាំងមន្រ្តីក្រុមការងារឲ្យតាមដានព័ត៌មានរបស់ប្រជាពលរដ្ឋដែលចូល Comment ជាសំណូមពរផ្សេងៗនៅលើទំព័ ឬ Facebook របស់សម្តេច ហើយត្រូវដោះស្រាយសំណូមពររបស់ពួកគេឲ្យទាន់ពេលវេលា។ ក្រោយពេលមានសេចក្តីណែនាំនេះ គេសង្កេតឃើញថា នៅតាមបណ្តាក្រសួង ស្ថាប័ននានាចាប់ផ្តើមបង្កើតក្រុមការងារដើម្បីតាមដានសំណូមពររបស់ប្រជាពលរដ្ឋ តាមរយៈ Facebook សម្តេចតេជោ ហ៊ុន សែនផងដែរ៕