(ភ្នំពេញ)៖ គណៈប្រតិភូក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដឹកនាំដោយលោក ស្រី សួន រដ្ឋលេខាធិការ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ម្សិលមិញ បានចុះទៅសួរសុខទុក្ខនិងចែកអំណោយ មានគ្រឿងឧបភោគបរិភោគ រួមទាំងថវិកា ជូនដល់នគរបាលការពារព្រំដែនខេត្តឧត្តរមានជ័យ កងវរៈសេនាតូច ៩០៥ និងនគរបាលការពារព្រំដែនខេត្តព្រះវិហារ កងវរៈសេនាតូច ៧៩៥។

នាឱកាសនោះដែរ លោក ស្រី សួន ក៏បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខនិងជូនពរនាឱកាសឆ្នាំថ្មី ពីសំណាក់លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី។ ក្នុងនាមលោកផ្ទាល់ លោកបានលើកឡើងថា ថ្វីត្បិតកងកម្លាំងទាំងអស់ត្រូវប្រឈមមុខនឹងបញ្ហាយ៉ាងច្រើនក៏ដោយ ទាំងការងារកិច្ចការពារ បូរណភាពទឹកដី និងការងារកសាងអង្គភាពផងនោះ ក៏កងកម្លាំងទាំងអស់បានខិតខំប្រឹងប្រែង តស៊ូយកអស់កម្លាំងកាយកម្លាំងចិត្ត និងលទ្ធភាព ពុះពារជំនះរាល់ឧបសគ្គ រហូតសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើបានប្រគល់ជូនទាំងសមរភូមិមុខ ក៏ដូចជានៅសមរភូមិក្រោយ ប្រកបដោយទឹកចិត្តមុះមុត ស្មារតីអង់អាច ក្លាហាន តស៊ូប្តូរផ្តាច់ ក្នុងបុព្វហេតុជាតិមាតុភូមិ ដែលជាគុណបំណាច់មិនអាចកាត់ថ្លៃបាន និងចងចាំមិនភ្លេចនោះឡើយនូវគំរូវីរភាព ដ៏អង់អាចក្លាហានរបស់កងទ័ពយើង។

ដោយឡែកអំណោយដែលផ្តល់ជូននគរបាលការពារព្រំដែននៃកងវរៈសេនាតូច ទាំងពីរខាងលើរួមមានគ្រឿងឧបភោគ បរិភោគ(អង្ករ ទឹកត្រី ទឹកស៉ីអ៉ីវ ត្រីខកំប៉ុង មីខ្លាឃ្មុំស្ករស ប៊ីចេង ប្រេងឆា) ព្រមទាំងឧបត្ថម្ភនូវថវិកាមួយចំនួនផងដែរ៕