(ភ្នំពេញ)៖ សមាគមជើងសាធានារ៉ាប់រងកម្ពុជា (CIBA) បានរៀបចំសន្និបាតលើកទី១ ដោយមានការបង្ហាញអំពីសមិទ្ធផលឆ្នាំ២០២២ និងទិសដៅអនាគតសម្រាប់ឆ្នាំ២០២៣-២០២៥ បង្ហាញរបាយការណ៍ហិរញ្ញវត្ថុ អមជាមួយការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការគ្រប់គ្រងបន្ថែមចំនួន២រូប និងការប្រគល់វិញ្ញាបនបត្រសមាជិកភាពសម្រាប់សមាជិក CIBA ព្រមទាំងពិភាក្សាលើប្រធានបទធានារ៉ាប់រងសំខាន់ៗផ្សេងទៀត។

សន្និបាតលើកដំបូងនេះធ្វើឡើងនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នៅអគារ GIA Tower ដែលមានទីតាំងស្ថិតនៅកោះពេជ្រ រាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់លោកស្រី ហោ សុវឌ្ឍនា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា (IRC) និងមានការចូលរួមពីប្រធានសមាគមធានារ៉ាប់រងកម្ពុជា (IAC) ប្រតិភូ IRC សមាជិកគណៈកម្មាធិការគ្រប់គ្រងរបស់ CIBA សមាជិក CIBA និងថ្នាក់ដឹកនាំក្នុងវិស័យធានារ៉ាប់រងជាច្រើនទៀត។

របៀបវារៈនៃកិច្ចប្រជុំមហាសន្និបាតនេះគ្របដណ្តប់លើចំណុចសំខាន់ៗមួយចំនួន រួមមាន៖ សុន្ទរកថាស្វាគមន៍ដោយលោក មាស សុផាត ប្រធាន CIBA សុន្ទរកថាបើកដោយ IRC បទបង្ហាញអំពីសមិទ្ធផលឆ្នាំ២០២២ និងទិសដៅអនាគតសម្រាប់ឆ្នាំ២០២៣-២០២៥ របស់ CIBA របាយការណ៍ហិរញ្ញវត្ថុរបស់ CIBA ការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការគ្រប់គ្រងបន្ថែមចំនួនពីររូប ការប្រគល់វិញ្ញាបនបត្រសមាជិកភាពសម្រាប់សមាជិក CIBA និងការពិភាក្សាជាក្រុមចំនួន២លើប្រធានបទធានារ៉ាប់រងសំខាន់ៗ រួមមាន ១.ការចែកចាយធានារ៉ាប់រងនៅកម្ពុជា ២.តើជើងសាធានារ៉ាប់រងអាចរួមចំណែកដល់ការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជាយ៉ាងដូចម្តេច? ព្រឹត្តិការណ៍នេះត្រូវបានបញ្ចប់ដោយពិធីជប់លៀងសាយភោជន៍លើកទី១ (1st Insurance Brokers Night- Gala Dinner) ដែលមានការចូលរួមពីអ្នកជំនាញធានារ៉ាប់រងជាង១០០នាក់។

កម្មវិធីនេះបានចូលរូមឧបត្ថម្ភដោយក្រុមហ៊ុនអេជី អ៉ិនសួរេន ប្រូកឃើរ, អាល់ហ្វា អ៉ិនសួរេន ប្រូកឃើរ, អេទីកា ជេនេរ៉ល អ៉ិនសួរេន, ហ្វតតេ អ៉ិនសួរេន, គ្លូប៊ល ជេនេរ៉ល អ៉ិនសួរេន ប្រូកឃើរ, អ៉ិនហ្វីនីធី ជេនេរ៉ល អ៉ិនសួរេន, អិមជីអេ អេស៊ា អ៉ិនសួរេន ប្រូកឃើរ, ភីភល & ផាតនើរ អ៉ិនសួរេន ភីអិលស៊ី, ហ្វីលីព ជេនេរ៉ល អ៉ិនសួរេន និងក្រុមហ៊ុនប្រូវីតា អ៉ិនសួរេន ប្រូកឃើរ។

ក្រោមការផ្តួចផ្តើមគំនិតដោយលោក មាស សុផាត ប្រធានស្ថាបនិកសមាគមជើងសាធានារ៉ាប់រងកម្ពុជា (CIBA) ត្រូវបានបង្កើតឡើងនាខែមីនា ឆ្នាំ២០២២ តាមរយៈការបោះឆ្នោតក្រោមអធិបតីភាពលោក ប៊ូ ចន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា (IRC)។ CIBA ត្រូវបានចុះបញ្ជីស្របច្បាប់ជាមួយក្រសួងមហាផ្ទៃ (MoI) ក្នុងខែកក្កដា ឆ្នាំ២០២២ និងអគ្គនាយកដ្ឋានពន្ធដារក្នុងខែធ្នូ ឆ្នាំ២០២២។ នាពេលបង្កើតដំបូង CIBA មានសមាជិកក្រុមហ៊ុនជើងសាធានារ៉ាប់រងដែលមានអាជ្ញាប័ណ្ណចំនួន១២។ គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ CIBA មានសមាជិកក្រុមហ៊ុនជើងសាធានារ៉ាប់រងដែលមានអាជ្ញាប័ណ្ណសរុបចំនួន១៥។

CIBA មានគោលបំណងសំខាន់ៗមួយចំនួន រួមមាន ១.លើកកម្ពស់វិស័យជើងសាធានារ៉ាប់រងឱ្យកាន់តែមានប្រសិទ្ធភាព សម្រាប់ការបង្កើតរចនាសម្ព័ន្ធជើងសាធានារ៉ាប់រងដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជា ២.លើកកម្ពស់ និងតំណាងឱ្យផលប្រយោជន៍របស់សមាជិករបស់ខ្លួន និង៣.បង្កើតច្បាប់ បទប្បញ្ញត្តិផ្សេងៗអនុលោមតាមលក្ខខ្តិកៈរបស់ CIBA និងត្រូវអនុលោមតាមវិធាន និងបទប្បញ្ញត្តិពាក់ព័ន្ធនានា និងច្បាប់ដែលកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច។

CIBA ដំណើរការការងាររបស់ខ្លួនដោយគណៈកម្មាធិការគ្រប់គ្រង ដែលមានប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការគ្រប់គ្រង និងគាំទ្រដោយលេខាធិការដ្ឋាន។

សមាជិកគណៈកម្មាធិការគ្រប់គ្រងទី១ រួមមាន៖
* លោក មាស សុផាត ប្រធាន
* លោកស្រី លឹម អេង អនុប្រធាន
* លោក David Treal សមាជិកគណៈកម្មាធិការគ្រប់គ្រង
* លោក ជា គឹមម៉េង សមាជិកគណៈកម្មាធិការគ្រប់គ្រង
* លោក សាង សុខផល សមាជិកគណៈកម្មាធិការគ្រប់គ្រង៕