(ព្រះសីហនុ)៖ ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរឹតកម៉ូតូឌុប ដើម្បីប្លន់យកម៉ូតូមួយគ្រឿង នៅចំណុចក្រុមទី១ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣កន្លងទៅ ត្រូវកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ស្រាវជ្រាវឈានដល់ការចាប់ខ្លួនបាន នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតស្វែងរកឃើញម៉ូតូ១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ គ្មានផ្លកលេខ (ជាម៉ូតូរបស់ជនរងគ្រោះខាងលើ) នៅចំណុចក្នុងព្រៃក្រោយចំណោតលោកយាយម៉ៅ ស្ថិតក្នុងភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ដោយជនសង្ស័យបានយកទៅលាក់ទុកនៅទីនោះ។

បន្ទាប់ពីយកម៉ូតូទៅរក្សាទុកនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរួចមក កម្លាំងសមត្ថកិច្ចបានបន្តការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងែទី៣០ ខែមីនា ឆ្នាំ២០២៣ ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យ នៅម្តុំតោ២ ស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ជនរងគ្រោះក្នុងហេតុការណ៍នេះ ឈ្មោះ ង៉ែត ហុកហួត អាយុ៥៧ឆ្នាំ មុខរបររត់ម៉ូតូឌូប រស់នៅភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ រងរបួសស្នាមរឹតក និងដាច់រលាត់ស្បែក។ ដោយឡែក ជនសង្ស័យឈ្មោះ វង ស៊ីណា អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានធ្វើសកម្មភាពប្លន់ពិតប្រាកដម៉ែន។

ក្រោយឃាត់ខ្លួន ជនសង្ស័យខាងលើ ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕