(តិចសាស)៖ យោងតាមមន្ត្រីប៉ូលិសជាន់ខ្ពស់ប្រចាំរដ្ឋតិចសាស បានឲ្យដឹងថា គិតមកដល់ពេលនេះ មានមន្ត្រីប៉ូលិស ៥នាក់បានស្លាប់ និង៦នាក់ផ្សេងទៀតរងរបួស នៅក្នុងករណីប៉ះទង្គិចគ្នារវាងក្រុមសមត្ថកិច្ច និងក្រុមអ្នកតវ៉ារឿងរើសអើងជាតិសាសន៍។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Sky News ផ្សាយ Update នៅមុននេះបន្តិច។
អាជ្ញាធរបានបញ្ជាក់បន្ថែមទៀតថា នៅពេលនេះប៉ូលិសកំពុងតែចរចាជាមួយនឹងក្រុមខ្មាន់កាំភ្លើង ដែលជាក្រុមបាតុករ ព្រោះមានជនសង្ស័យម្នាក់បានប្រាប់ប៉ូលិសថា ពួកគេនឹងបំផ្ទុះគាប់បែកពេញទីក្រុង Dallas។ ក្នុងចំណោមក្រុមបាតុករទាំងនោះ មានខ្មាន់កាំភ្លើងពីរនាក់ បានប្រើប្រាស់កាំភ្លើង Snipers បាញ់មកដល់ប៉ូលិស ខណៈដែលពេលនេះ ហេតុការណ៍កំពុងតែឈានទៅរកភាពធ្ងន់ធ្ងរ អាចនិយាយថា វាមិនមែនជាការធ្វើបាតុកម្មនោះទេ ប៉ុន្តែវាជាករណីភេរវកម្មតែម្ដង។
គួរបញ្ជាក់ផងដែរថា ការប៉ះទង្គិចនេះ ត្រូវបានធ្វើឡើងក្រោយពេល ដែលប៉ូលិសបានបាញ់សម្លាប់បុរសស្បែកខ្មៅមួយរូប មានឈ្មោះថា Philando Castile វ័យ ៣២ឆ្នាំ នៅក្បែរផ្លូវ St. Paul ក្នុងរដ្ឋ Minnesota នៅថ្ងៃពុធកន្លងទៅនេះ ដែលសកម្មភាពនៃការបាញ់សម្លាប់បុរសស្បែកខ្មៅនេះ ត្រូវបានថត និងបង្ហោះដោយមិត្តស្រីគេផ្ទាល់ទៅកាន់បណ្ដាញអ៉ីនធើណេត ទើបនាំឲ្យមានការធ្វើបាតុកម្មទាក់ទងនឹងរឿងរើសអើងពូជសាសន៍៕