(ភ្នំពេញ)៖ ក្រោមកិច្ចសហការរួមគ្នារវាងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសាកលវិទ្យាល័យជាតិសឹង្ហបុរី នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ បានសម្រេចបើកជាផ្លូវការ នូវគម្រោងស្រាវជ្រាវការប្រើប្រាស់បច្ចេកវិទ្យាច្នៃប្រឌិតថ្មី (i-MoMCARE) សម្រាប់សុខភាពមាតា និងទារកនៅកម្ពុជា។

ក្នុងឱកាសបើកជាផ្លូវការនូវគម្រោងខាងលើនេះ បានធ្វើឡើងក្រោមវត្ដមាន លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល លោកសាស្ដ្រា​ចារ្យជំនួយ Alex R.Cook ព្រឹទ្ធបុរសទទួលបន្ទុកកិច្ចការស្រាវជ្រាវមកពីសាលា Saw Swee Hock School of Public Health នៃសាកលវិទ្យាល័យជាតិ សឹង្ហបុរី និងលោកស្រីវេជ្ជបណ្ឌិត គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពាំមាតា និងទារក។

លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កម្ពុជាមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

ក្នុងនោះសេវាសុខាភិបាល ក៏បានសម្រេចបានជោគជ័យធំៗជាច្រើនផងដែរ។ ជាក់ស្ដែងគឺសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ក្នុងការកាត់បន្ថយអត្រាមរណភាពមាតាទារក និងកុមារ ការកាត់បន្ថយការឈឺស្លាប់ ដោយសារជំងឺឆ្លងនានា ដោយមានការទទួលស្គាល់នៅថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសមានការទទួលស្គាល់ពីអង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោក។

លោកសាស្ត្រាចារ្យបន្តថា «ទន្ទឹមនឹងការរីកចម្រើននេះ យើងក៏ជួបប្រទះបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជាការពិនិត្យថែទាំម្ដាយ និងទារកក្រោយសម្រាលលើកទី២ មិនទាន់ដល់គោលដៅ ការបញ្ជូនអ្នកជំងឺ និងតាមដានបន្តករណីកុមារកង្វះអាហាររូបត្ថម្ភរវាងមណ្ឌលសុខភាព និងសហគមន៍មិនទាន់ដំណើរការល្អនៅឡើយ»។

ដូច្នេះដើម្បីឆ្លើយតបនឹងបញ្ហាកត្តាប្រឈមចំពោះសុខភាពមាតា និងទារក រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាលជាសេនាធិការ បានដាក់ចេញនូវគោលដៅយុទ្ធសាស្ត្រចម្បងៗជាច្រើនដូចជា ការបង្កើនការគ្របដណ្ដប់ និងការទទួលបានសេវាសុខភាពបន្តពូជមានគុណភាព ជាពិសេសដោយស្ត្រី បុរស វ័យក្មេង និងវ័យជំទង់ បង្កើនការគ្រប់ដណ្ដប់ និងទទួលបានសេវាថែទាំគក៌ មុនសម្រាលមានសុវត្ថិភាព ថែទាំក្រោយសម្រាល សង្គ្រោះបន្ទាន់ផ្នែកសម្ភព និងថែទាំទារកមានគុណភាព ការបង្ការការចម្លងមេរោគអេដស៍ ពីម្ដាយទៅកូនបង្កើនការគ្រប់ដណ្ដប់ និងការទទួលបានវ៉ាក់សាំងបង្ការជំងឺ និងសេវាពិនិត្យព្យាបាលតាមអភិក្រមសមាហរណកម្ម គ្រប់គ្រងជំងឺកុមារ និងបង្កើនការគ្រប់ដណ្ដប់ និងលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ ដើម្បីបន្ថយកង្វះថាមពលជាតិសាច់ និងមីក្រូសារធាតុក្នុងចំណោមស្ត្រីនិងកុមារ។

លោកសាស្ត្រាចារ្យបានគូសបញ្ជាក់ថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាតាមរយៈការបើកជាផ្លូវការគម្រោងស្រាវជ្រាវនេះ នឹងអនុញ្ញាតឱ្យក្រុមការងារស្រាវជ្រាវ និងដៃគូអាចស្វែងរកនូវធាតុចូលសំខាន់ៗថែមទៀត សម្រាប់យកទៅពិចារណា ក្នុងការរៀបចំគោលនយោបាយផែនការលើកកម្ពស់សុខភាពមាតា និងទារកដើម្បីរួមចំណែកការអនុវត្តគោលនយោបាយជាតិសុខាភិបាលនៅកម្ពុជាឲ្យកាន់តែប្រសើរ»។

បើតាមការបញ្ជាក់របស់លោកស្រី ស៊ុយ សុវណ្ណធីតា ប្រធានសម្របសម្រួលគម្រោង (i-MoMCARE) សម្រាប់សុខភាពមាតា និងទារកនៅកម្ពុជា បានឲ្យដឹងថា គម្រោងនេះមានរយៈពេល៣ឆ្នាំ គឺចាប់ពីឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៥ ដោយអនុវត្តនៅតាមបណ្តាខេត្តចំនួនសិន មុននឹងដាក់ដំណើរការទូលំទូលាយ។

លោកស្រីបន្តបានថា គម្រោងនេះនឹងជួយផ្តល់សេវាចំពោះស្ត្រីនិងកុមារបានលឿនជាងមុន ដោយសារបានបង្កើតអេបមួយសម្រាប់ឱ្យមន្ទីរសុខភិបាល ស្រុកប្រតិបត្ត និងមណ្ឌលសុខភាពពិសេសក្រុមអ្នកស្ម័គ្រចិត្តតាមភូមិអាចធ្វើការទំនាក់ទំនងគ្នា និងផ្តល់ព័ត៍មានឱ្យគ្នាទៅវិញទៅមកបានឆាប់រហ័សនៅពេលស្ត្រីឬកុមារ មានបញ្ហាជំងឺផ្សេងៗ។

លោក ស្រី វេជ្ជបណ្ឌិត គឹម រត្ន័នា ប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានមានប្រសាសន៍ថាគម្រោង (i-MoMCARE) ជានាវានុវត្តន៍ថ្មី សម្រាប់ការធ្វើអន្តរាគមន៍ក្នុងការជំរុញឱ្យស្ត្រី និងកុមារមកទទួលសេវាពិនិត្យថែទាំ និងព្យាបាលទាន់ពេលវេលា ពិសេសការចូលរួមពីអាជ្ញាធរមូលដ្ឋានដែលមានក្រុមទ្រទ្រង់សុខភាពភូមិជាបង្គោល។

លោកស្រីវេជ្ជបណ្ឌិតក៏សង្ឃឹមថា លទ្ធផលដែលបានមកពីការស្រាវជ្រាវនេះ គឺជាម៉ូដែលដ៏ល្អមួយក្នុងការពង្រីក និងពង្រឹងសកម្មភាពផ្តល់សេវាសុខភាពមាតា និងទារក ជាការរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវសុខភាពមាតាទារកកុមារ និងអាហារូបត្ថម្ភនៅប្រទេសកម្ពុជា ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងការកាត់បន្ថយអត្រាស្លាប់របស់មាតា ទារក និងកុមារនៅកម្ពុជានៅឆ្នាំ២០៣០៕