(ព្រះវិហារ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ) នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្តីពីដំណើរការ និងនីតិវិធីក្នុងការទទួលបានឥណទានក្រោមគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) សមាសភាគទី១។

និយ័តករបរធនបាលកិច្ច ក៏ជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) សម្រាប់សមាសភាគទី១ (PIU1)។

សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាពលោក ម៉ី វ៉ាន់ រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជានាយកគម្រោង និងមានការចូលរួមពីលោក សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. និងជាប្រធានគ្រប់គ្រងគម្រោង ACSEP សមាសភាគទី១ លោក អ៊ឹង វណ្ណា អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកគម្រោង ACSEPសមាសភាគទី៣, លោក អ៊ុក គឹមសាន អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ លោក Takeshi Ueda សេដ្ឋវិទូផ្នែកធនធានធម្មជាតិ និងកសិកម្ម និងជាប្រធានក្រុមការងារ ADB ទទួលបន្ទុកគម្រោង ACSEP និងលោកស្រី Hyunyoung Song អ្នកជំនាញធនធានធម្មជាតិ និងកសិកម្ម និងជាសហប្រធានក្រុមការងាររវាង ADB និង ACSEP។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការ និងសម្របសម្រួលពីរដ្ឋបាលខេត្តព្រះវិហារ ក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីគម្រោង ACSEP ពាក់ព័ន្ធនឹងដំណើរការ និងនីតិវិធីក្នុងការទទួលបានឥណទានបន្ថែម ដើម្បីពង្រីកនិងពង្រឹងអាជីវកម្មដល់សហគ្រាសកសិ-ឧស្សាហកម្ម សហគមន៍កសិកម្ម និងកសិករចិញ្ចឹមមាន់ស្រុក ជាពិសេសសហគ្រាសផលិត ដែលមានបំណងស្វែងរកទុនបន្ថែមសម្រាប់គាំទ្រផែនការអាជីវកម្មរបស់ខ្លួន ដោយមានអ្នកចូលរួមមកពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋបាលមូលដ្ឋាន ស្ថាប័នហិញ្ញវត្ថុដៃគូ សហគ្រាសកសិ-ឧស្សាហកម្ម សហគមន៍កសិកម្ម ក៏ដូចជាកសិករចិញ្ចឹមមាន់ដែលមកពីខេត្តព្រះវិហារ៕