(ព្រះវិហារ)៖ កំណាត់ផ្លូវជាតិលេខ៩៤ ប្រវែង៥៤.៩០គីឡូម៉ែត្រ ពីឧទ្យានជាតិតេជោសែនឫស្សីត្រឹប ដល់ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ជាប់ព្រំឡែនឡាវ ត្រូវបានក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារជួសជុលយ៉ាងស្អាតឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសការធ្វើដំណើរនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងឱ្យដឹងនៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះថា កំណាត់ផ្លូវជាតិលេខ៩៤ ចាប់ពីឧទ្យានជាតិតេជោសែនឫស្សីត្រឹប ដល់ព្រំដែនឡាវ បានរងការខូចខាតដោយកន្លែងដោយសារគ្រោះទឹកជំនន់ទឹកភ្លៀង ប៉ុន្តែក្រុមការងារមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានជួសជុល ថែទាំជាប្រចាំ ធ្វើឱ្យប្រជាពលរដ្ឋធ្វើដំណើរដោយភាពងាយស្រួល។

លោកប្រធានមន្ទីរបានថ្លែងទៀតថា ស្របពេលនឹងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជិតចូលមកដល់ ក្រុមការងារជួសជុល ថែទាំ ផ្លូវថ្នល់ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តការជួសជុល ថែទាំ លើកំណាត់ផ្លូវជាតិលេខ៩៤នេះម្តងទៀត ដោយធ្វើការកៀសម្រួល ស្រោចទឹក កិនបង្ហាប់ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋធ្វើដំណើរដោយភាពងាយស្រួល ពិសេសភ្ញៀវទេសចរដែលមានបំណងចង់ទៅលេងកម្សាន្តនៅព្រំដែនឡាវ និងទឹកធ្លាក់ព្រះនិម្មិតនាឱកាសចូលឆ្នាំថ្មីខាងមុខនេះ។

លោក សំ លាងទ្រី បានថ្លែងដែរថា ដោយអនុវត្តតាមការណែនាំពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ មន្ទីរបានយកចិត្តទុកដាក់ធ្វើការជួសជុល ថែទាំផ្លូវ ដែលគ្រប់គ្រងដោយមន្ទីរ ធ្វើយ៉ាងណាមិនឱ្យមានគ្រលុក សំបុកមាន់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋមានភាពងាយស្រួល ពិសេសការធ្វើដំណើរកម្សាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។

លោកអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវបើកបរត្រូវគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយបើកបរមិនត្រូវលើសល្បឿនកំណត់ បើកបរមិនស្ថិតក្រោមគ្រឿងស្រវឹង បើកបរត្រូវពាក់ខ្សែរក្រវាត់ការពារ និងមិនត្រូវវ៉ាជែងទាំងប្រថុយប្រថានជាដាច់ខាត៕