(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (ហៅកាត់ថា OECD) លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្តល់កិត្តិយសអញ្ជើញថ្លែងសុន្ទរកថាបើក ក្នុងកម្មវិធីសម្ពោធព្រឹត្តបត្រព្យាករណ៍សេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ចិន និងឥណ្ឌា ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅ នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ តាមប្រព័ន្ធវីដេអូ ក្រោមមូលបទ «ការងើបឡើងវិញនៃវិស័យទេសចរណ៍ក្រោយពីជំងឺរាតត្បាតសកល (The 2023 OECD Economic Outlook for Southeast Asia, China and India: Reviving Tourism Post-Pandemic)» ជាមួយវត្តមានភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សិស្សានុសិស្ស និងបណ្តាញសារព័ត៌មានប្រមាណ ២០០រូប។
ក្នុងសុន្ទរកថាបើកកម្មវិធីនោះ លោករដ្ឋមន្ត្រី បានលើកឡើងអំពីតួនាទីយ៉ាងសំខាន់របស់វិស័យពាណិជ្ជកម្ម និងទេសចរណ៍ ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយបរិយាប័ន្ន ភាពធន់ និងចីរភាព។ លោករដ្ឋមន្ត្រី បន្តថា វិស័យពាណិជ្ជកម្ម បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនឱកាសការងារ ផ្តល់ប្រាក់ចំណូល និងសម្រួលលំហូរទំនិញគ្រឿងឧបភោគ-បរិភោគសម្រាប់ផ្គត់ផ្គង់ជីវិតប្រចាំថ្ងៃ រីឯវិស័យទេសចរណ៍ ជាចលករជំរុញពាណិជ្ជកម្មសេវា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងទំនាក់ទំនងរវាងប្រជាជន។
លោករដ្ឋមន្ត្រី បញ្ជាក់ថា កម្ពុជា ក៏បានចាត់ទុកវិស័យទេសចរណ៍ ជាប្រភពសម្រាប់កំណើន និងជាសសរស្តម្ភដ៏សំខាន់ ដែលគាំទ្រដល់ការសម្រេចបាននូវចក្ខុវិស័យ នៃការក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ដោយបានអនុលោមយ៉ាងខ្ជាប់ខ្ជួនទៅនឹងគោលការណ៍ណែនាំ និងផែនការសកម្មភាព ដែលបានរំលេចក្នុងផែនទីចង្អុលផ្លូវនៃការស្តារវិស័យទេសចរណ៍ ២០២០-២០២៥ និងក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣។
ក្នុងសុន្ទរកថានោះ លោករដ្ឋមន្ត្រី ក៏បានជម្រាបបន្ថែមអំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ពហុភាគី តំបន់ អនុតំបន់ និងទ្វេភាគី ជាមួយនឹងការកែលម្អស្ថាប័ន ច្បាប់ និងបទប្បញ្ញត្តិឱ្យកាន់តែប្រសើរ ព្រមទាំងការងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីទទួលរងបច្ច័យអវិជ្ជមានពីជំងឺកូវីដ-១៩ តាមរយៈភាពរីកចម្រើនក្នុងវិស័យសក្តានុពលនានា រួមមាន៖ សំណង់ ឧស្សាហកម្មកាត់ដេរនិងស្បែកជើង និងសេវាកម្មទេសចរណ៍ជាដើម។ ផ្អែកតាមព្រឹត្តបត្រព្យាករណ៍សេដ្ឋកិច្ចរបស់ OECD ខាងលើ នៅក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើនប្រមាណ ៤.៥ភាគរយ ខណៈពេលដែលត្រូវបានព្យាករណ៍ជាវិជ្ជមាននូវកំណើន ៦.៣ភាគរយ នៅឆ្នាំ២០២៣។
លោករដ្ឋមន្ត្រី បន្ថែមថា ផ្អែកតាមរបាយការណ៍សង្ខេបដែលបានផ្សព្វផ្សាយដោយ OECD ចំនុចសំខាន់ៗ ដែលបានរំលេចឡើងមានដូចជា នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងទ្វីបអាស៊ីដែលកំពុងរីកចម្រើន បានបង្ហាញនូវភាពធន់ក្នុងការប្រឈមមុខទៅនឹងភាពមិនប្រាកដប្រជារបស់សកលលោក ជាមួយនឹងកំណើន ដែលនឹងបន្តកើនឡើងក្នុងឆ្នាំ២០២៣។ បញ្ហាប្រឈមចំពោះកំណើនសេដ្ឋកិច្ច រួមមាន៖ សម្ពាធអតិផរណាជាបន្តបន្ទាប់ និងការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក។ បញ្ហាទាំងនេះ អាចនឹងដោះស្រាយបានមួយចំណែក តាមរយៈការបើកប្រទេសឡើងវិញរបស់បណ្តាប្រទេស ដែលមានសេដ្ឋកិច្ចធំៗនិងសំខាន់ៗនៅក្នុងតំបន់។ បន្ថែមពីនេះ ថ្វីត្បិតតែមានសញ្ញាណនៃភាពធន់ ទេសចរណ៍ប្រកបដោយនិរន្តភាព ត្រូវតែពង្រឹងឱ្យមានភាពប្រសើរបន្ថែមទៀត។ វិស័យទេសចរណ៍ ត្រូវតែសម្របទៅនឹងបរិការណ៍ថ្មី ដើម្បីអាចទាញយកអត្ថប្រយោជន៍ពីឌីជីថលភាវូបនីយកម្ម និងត្រឡប់ក្លាយទៅជាចលករជំរុញកំណើនសេដ្ឋកិច្ច។
លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះព្រឹត្តការណ៍ដ៏មានសារៈសំខាន់នេះ ដែលនឹងអាចផ្តល់ បច្ចុប្បន្នភាពនៃការសា្តរសេដ្ឋកិច្ចសកល បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងបង្កើនពុទ្ធិអំពីទិដ្ឋភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ដល់ភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួម៕