(ភ្នំពេញ)៖ បើតាមប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបើឆ្នោត (គ.ជ.ប) ចាប់ពីពេលនេះរហូតដល់ថ្ងៃបោះឆ្នោត គ.ជ.ប មានការងារជាច្រើនដែលត្រូវធ្វើជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ហើយការងារទាំងនោះត្រូវអនុវត្តតាមដំណាក់កាល និងមានកាលបរិច្ឆេទចាប់ផ្តើម និងបញ្ចប់ច្បាស់លាស់។

នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីការចាប់ផ្តើមដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដែលបានរៀបចំឡើងនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នៅសាលសន្និសីទនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រោមអធិបតីភាពរបស់លោកប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីការចាប់ផ្តើមដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងការចុះឈ្មោះអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ។

ក្នុងកិច្ចប្រជុំនោះ លោក ប្រាជ្ជ ចន្ទ បានឱ្យដឹងថា អំពីក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោត ដែលផ្តើមចេញពីមូលដ្ឋាននោះ គ.ជ.ប បានត្រៀមខ្លួន និងបានរៀបចំជាស្រេចនូវផែនការមេ ប្រតិទិនការងារ និងបានធ្វើបច្ចុប្បន្នភាពលើបទបញ្ជា និងនីតិវិធី រួមទាំងឯកសារគតិយុត្តផ្សេងទៀត ដើម្បីធានាឱ្យការរៀបចំចាត់ចែងការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

លោក ប្រាជ្ជ ចន្ទ បានបន្ថែមទៀតថា «ចាប់ពីពេលនេះរហូតដល់ថ្ងៃបោះឆ្នោត គ.ជ.ប មានការងារជាច្រើនដែលត្រូវធ្វើជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ហើយការងារទាំងនោះត្រូវអនុវត្តតាមដំណាក់កាល និងមានកាលបរិច្ឆេទចាប់ផ្តើម និងបញ្ចប់ច្បាស់លាស់»

ការរៀបចំបញ្ជីបោះឆ្នោត អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ សរុបមានចំនួន៩,៧១០,៦៥៥នាក់ ស្មើនឹង ៨៩.២៨% នៃស្ថិតិប៉ាន់ស្មានប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងទៅគិតដល់ថ្ងៃបោះឆ្នោត ក្នុងនោះស្រ្តីមានចំនួន៥,១៦១,៩០៩នាក់ និងមានការិយាល័យបោះឆ្នោតសរុបចំនួន២៣,៧៨៩ការិយាល័យ។

ពាក់ព័ន្ធនឹងប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ប្រធាន គ.ជ.ប បានថ្លែងអំពីបែបបទ កាលបរិច្ឆេទនៃការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ការឃោសនាបោះឆ្នោត ការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ការត្រួតពិនិត្យផ្ទៀងផ្ទាត់ និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត និងការប្រកាសផ្សាយលទ្ធផលនៃការបោះឆ្នោត។

ចំពោះលទ្ធផលផ្លូវការនៃការបោះឆ្នោត លោកប្រធាន គ.ជ.ប បានបញ្ជាក់ថា ក្រោយពីការដោះស្រាយពាក្យបណ្ដឹងតវ៉ាពាក់ព័ន្ធនឹងលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតចប់រួចរាល់ជាស្ថាពរ គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោត លទ្ធផលនៃការបែងចែកអាសនៈ និងប្រកាសផ្សាយបេក្ខជនជាប់ឆ្នោតជូនសាធារណជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

មានសំណួរ និងសំណូមពរមួយចំនួនបានលើកឡើងដោយភាគីចូលរួមក្នុងកិច្ចប្រជុំ ពាក់ព័ន្ធនឹងអ្នកសង្កេតការណ៍ថ្នាក់ជាតិ ការឈរឈ្មោះជាបេក្ខជន ការលើកស្លាកគណបក្សនយោបាយនៅមូលដ្ឋាន និងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ គ.ជ.ប រួមជាមួយស្ថាប័នរដ្ឋាភិបាលទៅសាធារណរដ្ឋបារាំងក្នុងពេលថ្មីៗនេះ និងសំណូមពរឱ្យ គ.ជ.ប រៀបចំការបោះឆ្នោត ដើម្បីជួយប្រទេសកម្ពុជាមានប្រជាធិបតេយ្យកាន់តែរឹងមាំ ព្រមទាំងសំណូមពរឱ្យមានការប្រកួតប្រជែងប្រកបដោយគុណធម៌ ទទួលយកការពិតបែបវិទ្យាសាស្រ្ត និងត្រូវចេះទទួលយកលទ្ធផលនៃការបោះឆ្នោត ជាជាងបង្កបញ្ហាដើម្បីឱ្យបរទេសយកប្រជាធិបតេយ្យមកឱ្យកម្ពុជា។

គ.ជ.ប បានឆ្លើយទៅនឹងសំណួរ និងពន្យល់ដល់ភាគីពាក់ព័ន្ធទាំងអស់មួយចំណុចម្តងៗ ដើម្បីបានយល់ និងបានបញ្ជាក់ជូនថា ពាក់ព័ន្ធការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនេះ គ.ជ.ប នឹងមានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធតាមដំណាក់កាល និងតាមប្រធានបទនីមួយៗជាបន្តទៀត។ ថ្ងៃនេះគឺជាថ្ងៃដំបូងនៃការប្រកាសផ្សព្វផ្សាយអំពីការចាប់ផ្តើមដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។

ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចនៅសាធារណរដ្ឋបារាំង គ.ជ.ប បានមើលឃើញថា ប្រព័ន្ធបោះឆ្នោតនៅប្រទេសបារាំងខុសពីប្រទេសកម្ពុជា ហើយមានប្រទេសតិចណាស់ដែលរៀបចំការបោះឆ្នោតដូចប្រទេសបារាំង។ ប្រទេសបារាំងបានកសាងច្បាប់ និងរៀបចំការបោះឆ្នោតនេះតាំងពីយូរមកហើយ មុនការបោះឆ្នោតនៅប្រទេសកម្ពុជាទៅទៀត។ ជារួម មានចំណុចខ្លះ ប្រទេសកម្ពុជាមានលក្ខណៈប្រសើរជាង និងងាយស្រួលជាង។

លោកប្រធាន គ.ជ.ប បានគូសបញ្ជាក់ថា គ.ជ.ប ជាអាជ្ញាកណ្តាលដែលអនុវត្តតាមច្បាប់បោះឆ្នោត និងអនុវត្តតាមបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ដែលបានពីការសកម្មចូលរួមពីភាគីពាក់ព័ន្ធ។ លោកសង្ឃឹមជឿជាក់ប្រកបដោយសុទិដ្ឋិនិយមថា ភាគីពាក់ព័ន្ធទាំងអស់នឹងពង្រឹងការចូលរួមសហការជាមួយ គ.ជ.ប ស្របតាមច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធី ក្រមសីលធម៌ និងសេចក្ដីណែនាំផ្សេងៗ ដើម្បីធ្វើយ៉ាងណាធានាឱ្យដំណើរការនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

មួយវិញទៀត ក្នុងកាលៈទេសៈដែលជំងឺកូវីដ-១៩ មិនទាន់ផុតរលត់ លោកក៏អំពាវនាវយ៉ាងទទូចឱ្យភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្ន និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាលតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច ហើយត្រូវទៅចាក់វ៉ាក់សាំងដូសជំរុញតាមការកំណត់ឱ្យបានគ្រប់ៗគ្នា។

គួរជម្រាបថា នេះជាកិច្ចប្រជុំលើកទី១ជាមួយភាគីពាក់ព័ន្ធ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមានសមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះ មានតំណាងមកពីក្រុមប្រឹក្សាធម្មនុញ្ញ រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រសួងយុត្តិធម៌ ក្រសួងព័ត៌មាន អគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងគណបក្សនយោបាយ មន្ត្រីមកពីស្ថានទូតជប៉ុន តំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មានផងដែរ សរុបប្រមាណ៧០នាក់៕