(ភ្នំពេញ)៖ លោក កែវ ផុង ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លោកបណ្ឌិត នួន សាន អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ខេត្តបាត់ដំបង ព្រមទាំង សម្បុរសជនជាជនជាតិកូរ៉េខាងត្បូង បានរួមគ្នាជួយសាងសង់អគារមត្តេយ្យសិក្សាមួយខ្នង ស្ថិតនៅភូមិចុងប្រឡាយ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ពិធីក្រុងពាលីបើកដំណើរការសាងសង់អគារសិក្សា បានចាប់ផ្តើមហើយនៅថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣នេះ ដោយមានការអញ្ជើញចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក៏ដូចជាអាជ្ញាធរឃុំ។
លោក កែវ ផុង បានឱ្យដឹងថា អគារសិក្សានេះ មានចំនួន ៣បន្ទប់ ទំហំទទឹង ៩ម៉ែត្រ និងបណ្តោយ ២៤ម៉ែត្រ ចំណាយថវិកាប្រមាណ ៥ម៉ឺនដុល្លារអាមេរិក។
បើតាមលោក កែវ ផុង បានឱ្យដឹងថា អគារសិក្សានេះ បានរួមចំណែកសំខាន់មួយក្នុងការបណ្តុះបណ្តាលកូនចៅប្រជាពលរដ្ឋក្នុងភូមិកម្រិតមត្តេយសិក្សា។ ដោយឃើញសភាពទ្រុឌទ្រោមរបស់អគារ បារម្ភបង្កគ្រោះថ្នាក់ដល់សិស្សតូចៗ ទើបរូបលោក និងសប្បុរសជនដទៃទៀត រួមគ្នាជួយសាងសង់អគារសិក្សានេះឡើងវិញ។
អាជ្ញាធរ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល ព្រមទាំងសិស្ស បានសម្តែងនូវក្តីអំណរសាទររីករាយជាពន់ពេក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ជួយសាងសង់អគារសិក្សានេះឡើងជាប្រយោជន៍ដល់ការសិក្សារបស់កូនចៅប្រជាពលរដ្ឋ៕