(មណ្ឌលគិរី)៖ ដំរីព្រៃ១ក្បាលបានវាយប្រហារ (បុកនឹងភ្លុក) មកលើបុគ្គលិកពេទ្យសត្វម្នាក់របស់អង្គការ WWF បណ្ដាលឱ្យធ្លុះពីខ្នងធ្លាយមកខាងមុខក្រោមដោះ នៅចំណុចត្រពាំងមេតយ ឃុំពូជ្រៃ ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី។ នេះបើតាមព័ត៌មានបឋមដែល Fresh News ទទួលបាននាល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ។

ជនរងគ្រោះមានឈ្មោះ រ៉ូ ផាន់ អាយុជាង៣០ឆ្នាំ ជនជាតិម៉ាឡេស៊ី បម្រើការងារផ្នែកពេទ្យរបស់អង្កការ WWF។ មុនពេលកើតហេតុ លោកគ្រូពេទ្យ រ៉ូ ផាន់ បំពេញការងារបាញ់ថ្នាំសណ្ដំលើដំរីនោះ ដើម្បីដាក់កាមេរ៉ានៅប្រឡៅករបស់វា ប៉ុន្តែមិនទាន់បានបាញ់ផង ក៏ត្រូវបានដំរីនោះបោលបុកពីក្រោយ បណ្ដាលឱ្យមុតនឹងភ្លុកធ្លុះពីខ្នងធ្លាយមកខាងមុខក្រោមដោះ។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានក្រុមការងាររបស់អង្គការ WWF ដឹកទៅសង្គ្រោះមន្ទីពេទ្យបង្អែកខេត្តមណ្ឌលគិរី និងបន្តដឹកតាមឧត្ថម្ភាគចក្រសង្គ្រោះនៅរាជធានីភ្នំពេញ៕