(ភ្នំពេញ)៖ បេក្ខជន បេក្ខនារី ជានិស្សិតកម្ពុជា ចំនួន២៤នាក់ បានទទួលជយលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឆ្នាំសិក្សា២០២៣ ក្នុងកម្រិតថ្នាក់ក្រោយឧត្តមសិក្សា មធ្យមសិក្សាបច្ចេកទេស និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលនឹងបន្តការសិក្សានៅប្រទេសជប៉ុននាពេលឆាប់ៗខាងមុខនេះ។

ដើម្បីជាការអបអរសាទរ ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានរៀបចំពិធីជូនដំណើរសិស្ស និស្សិតកម្ពុជាទាំង២៤នាក់ ក្រោមវត្តមលោក អូអ៉ិណូ អ៉ីស៊ូហ្ស៉ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា, លោក យក់ ង៉ុយ រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា, សមាគមអតីតនិស្សិតខ្មែរនៅប្រទេសជប៉ុន, អតីតនិស្សិតអាហារូបករណ៍ ព្រមទាំងសមាគមជប៉ុន ប្រចាំកម្ពុជាមួយចំនួនផងដែរ។

ជាមួយនឹងការទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុនឆ្នាំ២០២៣នេះ ម្ចាស់ជយលាភីមួយរូប ក្នុងចំណោមម្ចាស់ជយលាភីទាំង២៤នាក់ គឺកញ្ញា ហ៊ុន សុភ័ក្រ អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅស្រុកព្រៃកប្បាស ខេត្តកែវ បានចែករំលែកនូវបទពិសោធន៍រហូតប្រឡងជាប់អាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុន។

កញ្ញា សុភ័ក្រ បានថ្លែងថា មុននឹងទទួលបានអាហារូបករណ៍ដើម្បីការសិក្សានៅប្រទេសជប៉ុន រយៈពេល៤ឆ្នាំ លើមុខវិជ្ជាគីមីឧហ្សាហកម្ម នាងជានិស្សិតកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ជាមួយគ្នានេះ កញ្ញា ហ៊ុន សុភ័ក្រ ក៏បានបញ្ជាក់ថា មូលហេតុដែលយុវត្តីនិស្សិតកម្ពុជារូបនេះ សម្រេចចូលរួមប្រឡងយកអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន ដោយសារតែជប៉ុន ជាប្រទេសមួយមានបច្ចេកវិទ្យាជឿនលឿន ជាពិសេសគឺចង់សិក្សាពីការអភិវឌ្ឍរបស់ជប៉ុន ដើម្បីមកចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា។

កញ្ញា សុភ័ក្រ បានឱ្យដឹងមុននឹងចូលរួមប្រឡងប្រជែងគឺកញ្ញាបានខិតខំសិក្សារៀន ជាពិសេសប្រមូលរាល់ឯកសារដែលពាក់ព័ន្ធនឹងការប្រឡងជាដើម។ «អ្វីដែលខ្ញុំចង់និយាយទៅកាន់ពួកគាត់ (យុវជន) សូមកុំរារែក បើមានបំណងចង់ទៅសិក្សានៅប្រទេសជប៉ុន គួរទៅដាក់ពាក្យកុំភ័យខ្លាច ពេលណាយើងមានការខិតខំប្រឹងប្រែងនោះអាហារូបករណ៍នឹងក្លាយជាផ្លូវមួយឱ្យយើងទទួលបានអនាគតខ្ពង់ខ្ពស់»

កញ្ញា ហ៊ុន សុភ័ក្រ បានបង្ហាញការប្តេជ្ញាចិត្តនៅពេលសិក្សានៅប្រទេសជប៉ុន នឹងធ្វើយ៉ាងខិតខំសិក្សារៀនសូត្រ បង្កើនទំនាក់ទំនងជាមួយនឹងប្រជាជនជប៉ុន ដើម្បីមកផ្លាស់ប្តូរវប្បធម៌រវាងប្រជាជនទាំងពីរ ជាពិសេសពេលបញ្ចប់ការសិក្សានឹងយកចំណេះដឹងទាំងនេះមកចូលរួមអភិវឌ្ឍនប្រទេសជាមួយរាជរដ្ឋាភិបាល។

ដោយឡែកនិស្សិតអាហារូបករណ៍ផ្នែកវិទ្យាសាស្ត្រអប់រំ គឺលោក ឡុង វិច្ឆិកា មានអាយុ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តកែប។ វិច្ឆិកា បានថ្លែងថា សម្រាប់លោកគឺទទួលបានអាហារូបកណ៍របស់រដ្ឋាភិបាលជប៉ុន សិក្សារយៈពេល៣ឆ្នាំ នៅសាកលវិទ្យាល័យហ៉ីរ៉ូសីម៉ា មុននឹងទទួលបានអាហារូបករណ៍គាត់គឺជាគ្រូបង្រៀនផងដែរ។

និស្សិត ឡុង វិច្ឆិកា បានបន្តថា ការទទួបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន ផ្នែកអប់រំនេះនឹងធ្វើឱ្យលោកកាន់តែមានចំណេះដឹងបន្ថែមទៀតដើម្បីមកចូលរួមបបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។ លោកថាមុននឹងទទួលបានអាហារូបករណ៍គឺមានឧបសគ្គជាមួយច្រើន ដែលទាមទារឱ្យសិក្សាស្រាវជ្រាវ និងសួរយោបល់ជាច្រើនដំណាក់កាលពីសំណាក់រាមច្បងដែលបានទទួលអាហារូបករណ៍មុនៗ។

គួរឱ្យដឹងថា រដ្ឋាភិបាលជប៉ុន បានផ្តល់អាហារូបករណ៍ដល់និស្ស និស្សិតកម្ពុជា ដើម្បីបន្តការសិក្សានៅប្រទេសជប៉ុន ចាប់តាំងពីឆ្នាំ១៩៩២។ រហូតមកពេលនេះសិស្សនិស្សិតកម្ពុជា ជាង១,៤០០នាក់ហើយ ដែលបានទទួលអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ដើម្បីបន្តការសិក្សានៅប្រទេសជប៉ុន៕