(បាត់ដំបង)៖ ដោយដឹងដំណឹងថាក្មេងស្រី៥នាក់ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា បានលង់ទឹកស្លាប់ជាមួយគ្នារួចហើយ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចូលរួមរំលែកទុក្ខជាមួយគ្រួសារនៃសព និងនាំយកអំណោយមួយចំនួនចូលបុណ្យផងដែរ។

ហេតុការណ៍ក្មេងស្រី៥នាក់លង់ទឹកស្លាប់ព្រមគ្នានេះ កើតឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិស្រឡៅទង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។

តាមសាច់ញាតិបាននិយាយថា ក្មេងស្រីទាំង៥នាក់នោះមានផ្ទះជិតគ្នា និងត្រូវជាបងប្អូនជីដូនមួយនឹងគ្នាដែរ ក្នុងថ្ងៃកើតហេតុ ពួកគេបាននាំគ្នាទៅដើរលេងចុះលេងទឹកស្រះ ចន្លោះវេលាម៉ោង១២ដល់ម៉ោង៥ល្ងាច ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ខណៈឪពុកម្ដាយក៏រវល់ចេញធ្វើការនៅក្រៅផ្ទះទៀត។ ក្រោយពីបាត់ដំណឹង ឪពុកម្តាយ និងសាច់ញាតិរបស់ពួកគេបានដើររកដែរ តែរកមិនឃើញ ក៏ស្រាប់តែឃើញស្បែកជើងនៅមាត់ស្រះនៅក្រោយសាលាបឋមសិក្សាស្រឡៅទង ដែលមានចម្ងាយពីផ្ទះប្រមាណ៥០០ម៉ែត្រ។ ភ្លាមៗ ក៏នាំគ្នាផ្អើលឆោឡោចុះរាវរកក្នុងស្រះទឹកនោះ ក៏ឃើញសាកសពក្មេងស្រីទាំង៥នាក់ មិនដឹងថាបានស្លាប់តាំងពីម៉ោងប៉ុន្មាន ក៏នាំយកមកផ្ទះដើម្បីធ្វើបុណ្យរួមគ្នានៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ។

ដោយក្ដីអាណិតអាសូរ លោកអភិបាលខេត្ត សុខ លូ បាននាំអំណោយចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព។ អំណោយដែលបានចូលបុណ្យនោះ មានអង្ករ១០០គីឡូក្រាម មី១កេស ត្រីខកំប៉ុង១យួរ ទឹកស៊ីអ៉ី១យួរ និងថវិកា៤០ម៉ឺនរៀល៕