(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បាននាំអំណោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៥៧គ្រួសារ នៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
លោក បាន ស្រេង អភិបាលរងស្រុកស្ទឹងត្រង់ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ មានភ្លៀងធ្លាក់លាយខ្យល់យ៉ាងខ្លាំងបណ្តាលឲ្យប្រជាពលរដ្ឋក្នុងភូមិចំនួន៦ មាន៥៧គ្រួសារ ក្នុងនោះរលំផ្ទះផ្ទះ៥ខ្នង និងរបើកដំបូលចំនួន៥២ខ្នង មិនមានរងគ្រោះថ្នាក់ដល់មនុស្សនោះទេ។
លោក អ៊ុន ចាន់ដា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើពីសំណាក់សម្តេចតេជោ ហ៊ុន សែន ទោះបីសម្ដេចមិនបានមកដោយផ្ទាល់ តែសម្ដេចតែងតែមានក្តីនឹករលឹកគិតគូរពីសុខទុក្ខជាប្រចាំចំពោះប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជាពលរដ្ឋដែលជួបការលំបាក ទាំងពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ហើយតែងបានចាត់តំណាងចុះអន្តរាគមន៍នាំយកនូវអំណោយសង្រ្គោះបន្ទាន់ផ្ដល់ជូនទាន់ពេលវេលា ដើម្បីឲ្យប្រជាពលរដ្ឋបានដោះស្រាយជីវភាពក្នុងគ្រាលំបាកនេះ។
សូមបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៥៧គ្រួសារ ក្នុង១គ្រួសារទទួលបានអង្កចំនួន២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ តង់១។
ដោយឡែក គ្រួសារដែលរងគ្រោះធ្ងន់ធ្ងរចំនួន៥គ្រួសារ ក្នុង១គ្រួសារទទួលបានថវិកាចំនួន២០,០០០រៀល និងគ្រួសារដែលរងគ្រោះមធ្យមចំនួន៥២គ្រួសារ គឺក្នុង១គ្រួសារទទួលបានថវិកាចំនួន០០,០០០រៀលផងដែរ៕