(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិទី៥ មេបញ្ជាការទិសទី១បន្ទាយមានជ័យ បានប្រគល់ភារកិច្ចជូនលោកវរសេនីយ៍ទោ រឿង សារិត មេបញ្ជាការជំនួសលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការកងការពារព្រំដែនលេខ៥០៣ (បានទទួលមរណៈ)។

ពិធីនេះធ្វើឡើងនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នៅទីបញ្ជាការដ្ឋានកងការពារព្រំដែនលេខ៥០៣ នៅឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី ប៊ិន សារ៉ន នាយការិយាល័យទី១យោធភូមិភាគទី៥។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បានផ្តាំផ្ញើដល់កងកម្លាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ចូលរួមអនុវត្តការងារដែលនៅសេសសល់ និងអនុវត្តតាមផែនការដែលថ្នាក់លើដាក់ចុះ ចូលរួមសហការការងារគ្រប់ស្ថាប័ន គ្រប់កងកម្លាំង ដើម្បីការពារការធ្វើដំណើររបស់ប្រជាពលរដ្ឋខ្មែរត្រឡប់មកពីធ្វើការប្រទេសថៃ និងធ្វើការទប់ស្កាត់ប្រជាពលរដ្ឋដែលលួចចូលទៅធ្វើការប្រទេសថៃខុសច្បាប់
ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះធម្មជាតិ ទឹកជំនន់ ខ្យល់កន្រ្តាក់ រលំផ្ទះ និងយថាហេតុផ្សេងៗ។

លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បានបន្តណែនាំឱ្យកងកម្លាំងចូលរួមធ្វើការដឹកនាំបញ្ជា និងការងារត្រៀមប្រយុទ្ធដូចជាការថែរក្សារស្តារប្រព័ន្ធលេណដ្ឋានដែលមានស្រាប់ និងថែរក្សានូវយុទ្ធោបករណ៍ គ្រប់ប្រភេទដែលថ្នាក់លើបានផ្តល់ឲ្យបំផុសចលនាឲ្យកងកម្លាំងចូលរួមរៀនសូត្រ និងធ្វើការហ្វឹកហ្វឺនឲ្យបានគ្រប់តាមផែនការដែលថ្នាក់លើដាក់ឲ្យចូលរួមធ្វើយុទ្ធដំណើរទ័ព និងចូលរួមនៅក្នុងការងារកសាងពង្រឹងអង្កភាពរឹងលើគ្រប់វិស័យ តាមរយៈការងារបង្កបង្កើនផលដាំបន្លែបង្ការ ដើម្បីបម្រើផ្ទះបាយ ជាពិសេសហូបស្អាតរស់នៅស្អាត៕