(ត្បូងឃ្មុំ)៖ សាកវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ នឹងបង្កើតឱ្យមានមណ្ឌលបណ្តុះបណ្តាលការគ្រប់គ្រងសំណល់រឹង (SWAP Training Hub) ដែលមានគោលបំណងកសាងសមត្ថភាពលើការគ្រប់គ្រងសំណល់រឹង រួមទាំងបច្ចេកវិទ្យាគ្រប់គ្រងកាកសំណល់។

គម្រោងនេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំក្រុមគម្រោងរបស់ប្រទេសកម្ពុជា វៀតណាម និងឡាវ ស្តីពីការចែករំលែកបទពិសោធការអនុវត្តមណ្ឌលបណ្តុះបណ្តាលសម្រាប់ការគ្រប់គ្រងសំរាមសំណល់រឹង នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ក្រោមអធិបតីភាពលោក ពិន វណ្ណារ៉ូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។

កិច្ចប្រជុំខាងលើមានគោលបំណងដើម្បីធ្វើបច្ចុប្បន្នភាព និងចែករំលែកបទពិសោធន៍ការអនុវត្តមណ្ឌលបណ្តុះបណ្តាលការគ្រប់គ្រងសម្រាមសំណល់រឹង (Training Hub) របស់គម្រោង គោលនយោបាយគ្រប់គ្រងសំរាមសំណល់រឹងប្រកបដោយចីរភាព ដែលហៅកាត់ថា SWAP។

តាមរយៈគម្រោង SWAP សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ នឹងបង្កើតឱ្យមានមណ្ឌលបណ្តុះបណ្តាលការគ្រប់គ្រងសំរាមសំណល់រឹង (SWAP Training Hub) ដែលមានគោលបំណងកសាងសមត្ថភាពលើការគ្រប់គ្រងសំណល់រឹង រួមទាំងបច្ចេកវិទ្យាគ្រប់គ្រងកាកសំណល់ និងការកសាងភាពជាដៃគូស្រាវជ្រាវក្នុងចំណោមភាគីពាក់ព័ន្ធ មានប្រទេសកម្ពុជា វៀតណាម ថៃ និងសហគមន៍អឺរ៉ុប។

បច្ចុប្បន្ន សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បាននិងកំពុងអនុវត្តគម្រោងឈ្មោះថា «គោលនយោបាយ និងការគ្រប់គ្រងសំរាមសំណល់រឹងប្រកបដោយចីរភាព (SWAP) ដែលមានរយៈពេល៣ឆ្នាំ (២០២១- ២០២៤) ដែលទទួលបានថវិកាពីមូលនិធិសហគមន៍អឺរ៉ុប (Erasmus+ CBHE) ដែលសាកលវិទ្យល័យ Hamburg University of Technology នៅប្រទេសអាល្លឺម៉ង់ជាស្ថាប័នសម្របសម្រួលគម្រោងផងដែរ។

គម្រោងនេះមានកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ និងដៃគូអនុវត្តគម្រោងចំនួន១១ នៅប្រទេសអាស៊ាន រួមមាន ប្រទេសកម្ពុជាមាន៣ គឺសាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ និងអង្គការអប់រំបរិស្ថាន និងកែច្នៃសំណល់, ប្រទេសថៃមាន២ គឺសាកលវិទ្យល័យឈៀងម៉ៃ និងសាកលវិទ្យាល័យម៉ាចូ ប្រទេសវៀតណាមមាន២ គឺសាកលវិទ្យាល័យកសិកម្មនិងព្រៃឈើថៃងូយ៉េន និងសាកលវិទ្យាល័យកសិកម្មនិងព្រៃឈើក្រុងវ៉េ និងនៅសហគមន៍អឺរ៉ុបមានចំនួន៤ គឺ TUHH, IFOA, EuroTraining និង POLIBA។

គោលបំណងសំខាន់នៃគម្រោងនេះគឺដើម្បីរួមចំណែកដល់ការកសាងសមត្ថភាពនៅកម្រិតសាកលវិទ្យាល័យ និងគាំទ្រវគ្គបណ្តុះបណ្តាលដែលផ្តោតលើក្រុមងាយរងគ្រោះ នៃអ្នកអនុវត្តការងារសំរាមក្រៅផ្លូវការ ក៏ដូចជាលើកកម្ពស់ភាពជាសហគ្រិន និងលទ្ធភាពការងាររបស់និស្សិតបញ្ចប់ការសិក្សាក្នុងវិស័យគ្រប់គ្រងកាកសំណល់ប្រកបដោយនិរន្តរភាព និងរៀបចំឯកសារដើម្បីគាំទ្រដល់គោលនយោបាយពាក់ព័ន្ធតាមរយៈការផ្តល់វិធីសាស្ត្រ និងអភិវឌ្ឍកម្មវិធីសិក្សាប្រកបដោយគុណភាព៕