(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវការណែនាំសំខាន់ៗ ចំនួន៧ចំណុចដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ឆ្នាំ២០២២ និងទិសដៅការងារសម្រាប់ ឆ្នាំ២០២៣ សំដៅរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម។

ការណែនាំរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ក្នុងឱកាសនោះ រួមមាន៖

*ទី១៖ ផ្ដល់អាទិភាពការពារខឿនសន្ដិសុខជាតិ និងស្ថេរភាពសង្គម ព្រោះពួកអមិត្តជ្រុលនិយម មិនបោះបង់ចោលគំនិតឧបាយកល ដែលចង់បំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់នោះឡើយ

*ទី២៖ រួមទាំងអស់គ្នាកាត់បន្ថយបទល្មើសគ្រប់ប្រភេទ ដូចជា បទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀនជាដើម

*ទី៣៖ កិច្ចការសណ្ដាប់ធ្នាប់សាធារណៈ រួមមាន ការងារចរាចរណ៍ (កែប្រែឥរិយាបថមន្ដ្រី, កាត់បន្ថយគ្រោះថ្នាក់, រៀបចំផែនការយុទ្ធសាស្ដ្រឡើងវិញ, ប្ដូរវេនយប់ និងវេនថ្ងៃ, យកការអប់រំជាអាទិភាព, បញ្ចប់ការងារបំពាក់កាមេរ៉ាដែលនៅសេសសល់), ការងារសណ្ដាប់ធ្នាប់ (អប់រំអ្នកលក់ដូរ និងអ្នកប្រើប្រាស់ទ្រូងផ្លូវ និងគ្រប់គ្រងចិញ្ចើមផ្លូវ) និងការងារអគ្គិភ័យ (ត្រូវធ្វើសមយុទ្ធលើផែនទី កំណត់ទីតាំងដែលនៅក្បែរកន្លែងកើតហេតុ និងបង្កើនការហ្វឹកហាត់)

*ទី៤៖ ពង្រឹងគុណភាពកម្លាំងនគរបាលប៉ុស្ដិ៍ ត្រូវផ្ដល់សេវាសាធារណៈឲ្យបានល្អ និងប្ដូរឥរិយាបថពាក្យសម្ដីជាមួយប្រជាពលរដ្ឋ។ ករណីប៉ុស្ដិ៍ខ្វះកម្លាំង ស្នងការត្រូវចាត់បញ្ជាបេសកកម្មរយៈពេលខ្លី ឬរយៈពេលវែង

*ទី៥៖ ពង្រឹងកម្លាំងប្រចាំបញ្ជា និងកម្លាំងអន្ដរាគមន៍ ធានា២៤ម៉ោង លើ២៤ម៉ោង

*ទី៦៖ ពង្រឹងក្រុមតាមដានព័ត៌មានបណ្ដាញសង្គម ដើម្បីស្រាវជ្រាវអ្វីដែលកើតមានឡើង និងឆ្លើយតបបន្ទាន់ឲ្យបានលឿនបំផុត

*ទី៧៖ ការពារសន្ដិសុខ សណ្ដាប់ សុវត្ថិភាពព្រះរាជសកម្មភាព អង្គព្រះមហាក្សត្រ និងការបំពេញការងាររបស់ក្បាលម៉ាស៉ីនរាជរដ្ឋាភិបាល។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ក៏បានលើកឡើងនូវសំណូមពរចំនួនពីរចំណុចផងដែរ ដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងនាមជាគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងនោះរួមមាន យកចិត្តទុកដាក់អំពីការប្រជុំបញ្ជាការឯកភាពដោយត្រូវធ្វើឡើងជាប្រចាំ ហើយរបៀបវារៈត្រូវផ្ដោតលើស្ថានភាព និងអាទិភាពយកកិច្ចការគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះអ្វីដែលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សម្រេចបានក្នុងឆ្នាំកន្លងទៅនេះ និងការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការបន្ដទិសដៅការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ សាធារណៈ និងការបម្រើសេវាជូនប្រជាពលរដ្ឋ៕