(តៃប៉ិ)៖ ខ្យល់ព្យុះទីហ្វុងកំណាច Nepartak បានវាយសង្គ្រប់មកលើកោះតៃវ៉ាន់ ចាប់តាំងពីពេលល្ងាចថ្ងៃព្រហស្បតិ៍ មកម្ល៉េះ ហើយរហូតមកដល់រសៀលថ្ងៃសុក្រនេះ វាបានបង្ខំឲ្យមនុស្ស ១៥,០០០ នាក់ ចាកចេញពីលំនៅដ្ឋាន, ជើងហោះហើររាប់រយត្រូវបានលុបចោល និងមនុស្សស្លាប់ពីរនាក់ ព្រមទាំងរងរបួស ៦៦នាក់ផ្សេងទៀត។ នេះបើតាម ការចេញផ្សាយមុននេះបន្តិចដោយ BBC នារសៀលថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០១៦។
ព្យុះទីហ្វុង Nepartak ត្រូវបានក្រុមព្យាករណ៍អាកាសធាតុតៃវ៉ាន់ គណនាថាជាព្យុះដែលមានឥទ្ធិពលខ្លាំងជាងគេ ដំបូងនៅក្នុងឆ្នាំ ២០១៦នេះ ដែលមានមុខព្រួញចំកោះតៃវ៉ាន់តែម្តង ក្នុងល្បឿន ១៩៨ គីឡូម៉ែត្រក្នុងមួយម៉ោង។ វាត្រូវ បានគេរំពឹងថា នឹងធ្វើដំណើរដល់ខេត្ត Fujian របស់ប្រទេសចិននៅព្រឹកថ្ងៃសៅរ៍ស្អែកនេះ ប៉ុន្តែនឹងធ្លាក់ឥទ្ធិពលដល់ ព្យុះកម្រិតមធ្យមប៉ុណ្ណោះ។
គួរបញ្ជាក់ថា រដ្ឋាភិបាលតៃវ៉ាន់មិនទាន់មានការគណនាពីការខូចខាតជារួមនៅឡើយទេ ខណៈដែលលំនៅដ្ឋានរបស់ ប្រជាជនចំនួន ២៧០,០០០ ខ្នងគ្មានអគ្គិសនីប្រើប្រាស់ និងជើងហោះហើរចំនួនជាង ៥០០ ទំាងក្នុងស្រុក និងអន្តរជាតិ ត្រូវបានលុបចោល។ រហូតមកដល់ពេលនេះ យោធាបានដាក់ពង្រាយកម្លាំង ៤,៤០០នាក់ ទៅកាន់តំបន់រងគ្រោះនានា ទូទាំងកោះ ហើយនិង ៣៥,០០នាក់នាក់ទៀតត្រូវបានបញ្ជាឲ្យនៅប្រចាំការដើម្បីត្រៀម សង្គ្រោះប្រជាជនដែលរងគ្រោះ ជាយកថាហេតុ៕