(កោះកុង)៖ ក្រុមការងារយុវជនដឹកនាំដោយលោក ហេង សំណាង ប្រធានក្រុមយុវជន រួមទាំងមានការចូលរួមពីមន្ត្រីក្រសួងបរិស្ថាន និងសង្គមស៊ីវិលជាច្រើនរូប នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ បានចុះធ្វើទស្សនកិច្ច តំបន់ឆាយពោ៩ និងឆាយតាហ៊ីង ស្ថិតនៅតំបន់អារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងគោលបំណងដើម្បីជួយផ្សព្វផ្សាយតំបន់នេះឱ្យកាន់តែមានសក្តានុពលទេសចរណ៍ និងជួយទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើនបន្ថែមទៀត។

លើកឡើងនាឱកាសនោះលោក ហេង សំណាង បានឱ្យដឹងថា ក្រុមយុវជន រួមទាំងមន្ត្រីក្រសួងបរិស្ថាន និងសង្គមស៊ីវិល បានចុះមកទស្សនកិច្ចនាថ្ងៃនេះ ដើម្បីជាការចូលរួមបង្ហាញពីសក្តានុពលខេត្តកោះកុង ក៏ដូចជាការផ្សារភ្ជាប់រវាងសហគមន៍ និងអង្គការមាតាធម្មជាតិ រួមទាំងមន្ត្រីក្រសួងបរិស្ថាន បន្តទៅមុខទៀត ក្នុងការរួមគ្នាជួយផ្សព្វពីសក្តានុពលអេកូទេសចរណ៍ នៅក្នុងតំបន់អារ៉ែងនេះឱ្យកាន់តែមានភាពទាក់ទាញភ្ញៀវបានកាន់តែច្រើន។

ជាមួយគ្នានោះលោក ហេង សំណាង ក្នុងនាមប្រធានក្រុមការងារយុវជន បានអះអាងដែរថា សម្រាប់តំបន់អារ៉ែងនាពេលបច្ចុប្បន្ននេះ មិនមែនពិបាកមកទស្សនាកម្សាន្តដូចមុនទៀតនោះឡើយ ខណៈនាពេលបច្ចុប្បន្ននេះសម្រាប់ការធ្វើដំណើរ គឺមានភាពងាយស្រួល ហើយតំបន់នេះក៏មានកន្លែងទស្សនាកម្សាន្តដ៏ស្រស់ស្អាតជាច្រើនកន្លែង និងសក្តិសមសម្រាប់ភ្ញៀវទេសចរណ៍មកលេងកម្សាន្តផងដែរ។

បន្ថែមពីនេះលោក ហេង សំណាង ក៏បានអំពាវនាវឱ្យភ្ញៀវទេសចរណ៍ ក៏ដូចជាអ្នកចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង អាចមកទស្សនាកម្សាន្តនៅក្នុងតំបន់អារ៉ែងនេះបាន ហើយការមកលេងកកម្សាន្តនៅទីនេះ ក៏ដើម្បីជាជួយផ្តល់នូវចំណូលសម្រាប់ប្រជាសហគមន៍ជាតំបន់នេះផងដែរ៕