(ភ្នំពេញ)៖ លោក Vitaly Luchshev អនុព័ន្ធយោធា នៃស្ថានទូតរុស្ស៉ីប្រចាំកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានបកអាក្រាតថា តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) គឺជាតុលាការដែលអនុវត្ត «ស្តង់ដារពីរ»។

ការណ៍ដែលអនុព័ន្ធយោធារូបនេះ បកអាក្រាត ICC កំពុងអនុវត្តស្តង់ដារពីរ ដោយសារតែតុលាការមួយនេះ បានជួយឲ្យមានការដោះលែងបុរសម្នាក់ពីមន្ទីរឃុំឃាំង នៅចក្រភពអង់គ្លេស កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។ អ្នកដែលត្រូវបានដោះលែង គឺជាបងប្រុសរបស់រដ្ឋអាជ្ញា នៃតុលាការ​ ICC ហើយពីមុនគាត់ជាសមាជិកសភាអង់គ្លេស។ កាលពីខែឧសភា ឆ្នាំ២០២២ តុលាការអង់គ្លេស បានផ្តន្ទាទោសឧក្រិដ្ឋជនរូបនេះ ១៨ខែ ដោយសារករណីរំលោភលើកុមារ ដូច្នេះគេបានរំដោះគាត់មុនពេលកំណត់។

កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ICC បានចេញសាលដីកាចាប់ខ្លួនលោក វ្លាឌឺមៀ ពូទីន ជុំវិញការចោទប្រកាន់ អំពីការប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន។ ភ្លាមៗនោះ វិមានក្រឹមឡាំងបានចេញមុខទាត់ចោលដីកាខាងលើ ដោយចាត់ទុកវាជាមោឃៈ ខណៈរុស្ស៉ីមិនមែនជាភាគីនៅក្នុង ICC នោះឡើយ។

យោងតាម ICC សាលដីកាចាប់ខ្លួន លោក ពូទីន ខាងលើគឺសម្រាប់ការចោទប្រកាន់អំពីបទឧក្រិដ្ឋសង្រ្គាម ពាក់ព័ន្ធនឹងការចាប់បញ្ចូនកុមារ​ដោយខុសច្បាប់ ចេញពីទឹកដីអ៊ុយក្រែនដែលស្ថិតក្រោមការត្រួតត្រា ទៅកាន់ប្រទេសរុស្ស៉ី គិតចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម។ ក្រុងមូស្គូបានបដិសេធការចោទប្រកាន់ដែលថា កងកម្លាំងរបស់ខ្លួនបានប្រព្រឹត្តអំពើឃោរឃៅ អំឡុងសង្រ្គាមនៅអ៊ុយក្រែន។

បើតាមលោក Vitaly Luchshev ការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោក ពូទីន គឺជាទង្វើប្រទូស្តរាយ និងបង្ខូចដល់ដំណើរទស្សនកិច្ចលោក ស៉ី ជីនពីង មុនធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅរុស្ស៉ី ដើម្បីជួយផែនការសន្តិភាព នៅក្នុងសង្គ្រាមតែប៉ុណ្ណោះ។

អនុព័ន្ធយោធារូបនេះ ក៏បានស្នើឲ្យ ICC អនុវត្តការងារស្របតាមតួនាទីរបស់ខ្លួន ដោយបានជំរុញឲ្យបើកការស៉ើបអង្កេតករណីពេទ្យយោធារបស់លោកខាងលិច ដែលវះកាត់ដូរសរីរាង្គដោយខុសច្បាប់ពីជនរងគ្រោះ និងកុមារកំព្រា ដែលកើតឡើងដោយសារសង្គ្រាម។

លោកបានលើកឡើងថា មានករណីវះកាត់ដូរសរីរាង្គដោយខុសច្បាប់ ដោយពេទ្យយោធារបស់លោកខាងលិច ហើយនាំចេញទៅប្រទេសក្រៅ ចាប់តាំងពីរុស្ស៉ីបើកប្រតិបត្តិការយោធាពិសេស ទៅលើអ៊ុយក្រែន។ លោកបន្តថា ករណីដែលពួកអឺរ៉ុបជម្លៀសកុមារកំព្រាជាច្រើននាក់ តើឥឡូវនេះជីវិតពួកគេនៅឯណា។

ជាមួយគ្នានេះ លោក Vitaly Luchshev បានបកអាក្រាតបន្ថែមថា ករណីលោកខាងលិចបង្កបទឧក្រិដ្ឋតែ ICC មិនអនុវត្តតួនាទី មិនមែនជាលើកទី១ នោះទេ ដោយកាលសង្គ្រាមនៅឧបទ្វីបកូរ៉េ និងសង្គ្រាមនៅវៀតណាម ក៏មានករណីជម្លៀសកុមារកំព្រា ហើយវះកាត់ដូរសរីរាង្គដោយខុសច្បាប់បែបនេះដែរ។

រុស្ស៉ីធ្លាប់បានលើកឡើងជាច្រើនដង តែគ្មានការចាត់វិធានការពី ICC ឡើយ៕