(ភ្នំពេញ)៖ លោក អាណាតូលី បូរ៉ូវិច (Anatoly BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៉ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រុស្ស៉ីបានបង្កើនកូតាអាហារូបករណ៍ដល់និស្សិតកម្ពុជា រហូតដល់៤០នាក់ នៅឆ្នាំក្រោយ។

លោកបានឲ្យដឹងបែបនេះ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ក្នុងសន្និសីទសារព័ត៌មាន ក្រោមប្រធានបទ «ទំនាក់ទំនងរវាងរុស្ស៉ីនិងកម្ពុជា» ព្រមទាំងប្រធានបទសំខាន់ៗនៃគោលនយោបាយការបរទេសរុស្ស៉ី។

លោក អាណាតូលី បូរ៉ូវិច បានបញ្ជាក់ថា «ប្រទេសរបស់យើងតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងមនុស្សធម៌ រួមទាំងការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា។ ជាអកុសល ការដួលរលំនៃសហភាពសូវៀត និងស្ថានភាពលំបាកនៅក្នុងប្រទេសរុស្ស៉ីក្នុងទសវត្សរ៍ ទី៩០ សតវត្សរ៍ ទី២០ បានបណ្តាលឲ្យចំនួនកូតាសិក្សាត្រូវបានកាត់បន្ថយ។ ទន្ទឹមនឹងនេះ ទំនាក់ទំនងអន្តរបុគ្គលនៅតែមានសារៈសំខាន់ ក្នុងការពង្រឹងការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជន។ កំណើននៃចំនួនកូតាសិក្សា (ឆ្នាំនេះ ២៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ គឺ ៤០នាក់) ជាលទ្ធផលនៃការងាររបស់យើង ដែលនឹងជួយឱ្យយុវជនកម្ពុជា ទទួលបានការអប់រំប្រកបដោយគុណភាពនៅក្នុងប្រទេសរបស់យើង និងបានស្គាល់ពីវប្បធម៌ និងកន្លែងស្អាតរបស់រុស្ស៉ី»

ទំនាក់ទំនងការទូតរវាងសហភាពសូវៀត ដែលមានសហព័ន្ធរុស្ស៉ីជារដ្ឋស្នង និងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតក្នុងខែឧសភា ឆ្នាំ១៩៥៦ ក្នុងគោលបំណងអភិវឌ្ឍកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការពង្រឹងសន្តិភាព ពិភពលោក។ ដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ នរោត្តម សីហនុ នៅសហភាពសូវៀត ជាច្រើនដងក្នុងទសវត្សរ៍៥០-៦០ នៃសតវត្សទី២០ បានជួយពង្រឹងចេតនាក្នុងការបង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគី។

បើតាមលោក អាណាតូលី បូរ៉ូវិច តាំងពីឆ្នាំដំបូងមក ប្រទេសរុស្ស៉ីបានបង្ហាញពីបំណងប្រាថ្នារបស់ខ្លួន ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ការពង្រឹងសក្តានុពលធនធានមនុស្ស។ ដោយឡែក មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្រមទាំងគ្រឹះស្ថានសិក្សាបច្ចេកទេសជាន់ខ្ពស់ ដែលមានវិទ្យាស្ថានបច្ចេកវិទ្យា កម្ពុជាជាវិទ្យាស្ថានស្នងត្រូវបានសាងសង់ឡើងជាអំណោយជូនព្រះរាជាណាចក្រកម្ពុជា។ ប្រទេសរុស្ស៉ី បានផ្តល់ជំនួយជូនប្រជាពលរដ្ឋនិងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាពិសេសការផ្ទុះជំងឺអុត។

លោកបន្តថា ទំនាក់ទំនងជាមួយកម្ពុជា ដែលត្រូវបានផ្តាច់នៅក្នុងអំឡុងពេលរបបប្រល័យពូជសាសន៍ខ្មែរក្រហម សហភាពសូវៀតស្តារឡើងវិញនៅឆ្នាំ១៩៧៩ ហើយបានផ្តល់ជំនួយដ៏ធំធេង ក្នុងការស្តារសេដ្ឋកិច្ចរបស់កម្ពុជាឡើងវិញ។ អ្នកជំនាញសូវៀតបានស្ដារឡើងវិញនូវស្ថាប័នអប់រំ និងវេជ្ជសាស្រ្ត សាងសង់មន្ទីរ ស្ថាប័នថាមពល ឧស្សាហកម្ម និងកសិកម្មថ្មីៗ។ ពេលនោះនិស្សិតកម្ពុជាជាច្រើន បានសិក្សានៅទីក្រុងជាច្រើននៃសហភាពសូវៀត។ ចាប់ពីទសវត្សរ៍៨០ នៃសតវត្សទី២០មក និស្សិតកម្ពុជាជាង ៨០០០នាក់ បានសិក្សានៅសាកលវិទ្យាល័យសូវៀត/រុស្ស៉ី។ ការសន្ទនាមនុស្សធម៌នៅតែមានសារៈសំខាន់ណាស់ក្នុងទំនាក់ទំនងរុស្ស៉ី-កម្ពុជា៕