(ភ្នំពេញ)៖ ខណៈបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ គ.ស ២០២៣ និងព្រឹត្តព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ កាន់តែខិតជិតចូលមកដល់ ក្នុងពេលដ៏ខ្លីខាងមុខនេះ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ក្រសួងស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ខិតខំប្រឹងប្រែងធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឱ្យបានល្អប្រសើរ ជូនបងប្អូនប្រជាពលរដ្ឋ កីឡាករ កីឡាការិនី ភ្ញៀវជាតិ និងអន្តរជាតិ ដែលមកទស្សនា កម្សាន្តសប្បាយនៅកម្ពុជា។

ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្តេចដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ។

សេចក្តីប្រកាសព័ត៌មានលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានដកស្រង់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះថា «ក្រសួង ស្ថាប័ន កងកម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែកពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវខិតខំធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣ ពិសេស ការរៀបចំនូវព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាបខាងមុខនេះ។

សម្តេចតេជោក៏បានអំពាវនាវទៀតថា «ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែកពាក់ព័ន្ធ ត្រូវខិតខំធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋកីឡាករ កីឡាការិនី គ្រូបង្វឹក ប្រតិភូកីឡា ព្រមទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ខាងមុខ»

សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ គ.ស២០២៣ នឹងប្រព្រឹត្តទៅតាមដំណើរសង្ក្រាន្តដូចតទៅ៖ ថ្ងៃសុក្រ ៩រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៤៖០០នាទីរសៀល ជាថ្ងៃចូលឆ្នាំថ្មី, ថ្ងៃសៅរ៍ ១០រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ជាថ្ងៃវ័នបត និងថ្ងៃអាទិត្យ ១១រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ជាថ្ងៃឡើងស័ក។

ចំណែកឯព្រឹត្តិការណ៍ SEA Games: ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games: ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕