(ស្ទឹងត្រែង)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការបង្ក្រាបជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ និងដកហូតបានថ្នាំ​ញៀនជិត១គីឡូក្រាម។ ប្រតិបត្តិការនេះធ្វើឡើងនៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦នេះ នៅចំណុចវត្តកណ្ដាល ភូមិកណ្ដាល សង្កាត់-ក្រុងស្ទឹងត្រែង។

លោកឧត្តមសេនីយ៍ត្រី ម៉ៅ តារា ស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា ជនសង្ស័យដែលបង្ក្រាបបាននេះ ឈ្មោះ ប៉ៃ សំអឿន អាយុ៣៤ឆ្នាំ មានទីលំនៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន។ លោកបានបញ្ជាក់ថា «កម្លាំងជំនាញយើងបានធ្វើការដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន១កញ្ចប់ធំ ទម្ងន់៩៣៧,៩ក្រាម»។

ក្រោយពេលឃាត់ខ្លូនបាន ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕