(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យក្រសួងការពារជាតិ, ក្រសួងស្ថាប័នពាក់ព័ន្ធ និងសប្បុរសជន ចុះជួបសួរសុខទុក្ខ និងឧបត្ថម្ភដល់កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅតាមព្រំដែន។

អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

តាមសេចក្តីប្រកាសអំពីលទ្ធផល នៃកិច្ចប្រជុំនេះ បានឱ្យដឹងថា នៅក្នុងអំឡុងកិច្ចប្រជុំ សម្តេចតេជោ ហ៊ុន សែន បានជំរុញ និងណែនាំឱ្យ ក្រសួងការពារជាតិ ក្រសួងស្ថាប័នពាក់ព័ន្ធ និងសប្បុរសជន ត្រូវយកចិត្តទុកដាក់ និង ចូលរួមចុះជួបសួរសុខទុក្ខ និងឧបត្ថម្ភដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបាននិងកំពុង ឈរជើងនៅតាមព្រំដែន គោកនិងដែនដីកោះនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលខិតខំរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា៕