(ភ្នំពេញ)៖ លោក អាណាតូលី បូរ៉ូវិច (Anatoly BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៉ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ជំនួយពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដល់ប្រទេសអ៊ុយក្រែន គឺជាទង្វើអូសបន្លាយសង្គ្រាម ដែលនាំប្រជាជន និងប្រទេសអ៊ុយក្រែន ទៅរកសេចក្តីវិនាស។

ថ្លែងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ក្នុងសន្និសីទសារព័ត៌មាន ក្រោមប្រធានបទ «ទំនាក់ទំនងរវាងរុស្ស៉ីនិងកម្ពុជា» ព្រមទាំងប្រធានបទសំខាន់ៗនៃគោលនយោបាយការបរទេសរុស្ស៉ី លោក អាណាតូលី បូរ៉ូវិច បានលើកឡើងថា ពេលវេលាបានបង្ហាញឲ្យឃើញថា អាជ្ញាធរក្រុងកៀវបានសម្រេចជោគជ័យ តែក្នុងការបំផ្លិចបំផ្លាញតែប៉ុណ្ណោះ។ ប្រទេសរុស្ស៉ី បានត្រឡប់មកវិញជារៀងរហូតទៅកាន់ទឹកដីនៃតំបន់ Donbass និង Kherson ហើយកំពុងស្តារឡើងវិញយ៉ាងសកម្មនូវអ្វីដែលត្រូវបានបំផ្លាញ ដោយពួកណាស៉ីនិយមអ៊ុយក្រែន។ មានបណ្តាប្រទេសផ្សេងទៀតដែលជួយបំផ្លាញដែរ។

និយាយបណ្តើរបង្ហាញឯកសារបណ្តើរ លោក អាណាតូលី បូរ៉ូវិច បានបន្តថា បណ្តាប្រទេសលោកខាងលិច មិនបញ្ឈប់ការផ្ដល់អាវុធដល់របបទីក្រុងកៀវ ទេ។ នាថ្ងៃទី២០ ខែមីនាឆ្នាំនេះ បញ្ចកោណបានបញ្ជាក់ថា ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមក ជំនួយយោធាអាមេរិកដល់អ៊ុយក្រែនមានចំនួនជាង ៣២,៥ពាន់លានដុល្លារ។

លោកបានផ្តល់ព័ត៌មានបន្ថែមថា យោងទៅតាមពាក្យសម្តីរបស់លោក Lloyd Austinរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ប្រទេសចំនួន៩របស់អង្គការណាតូបានយល់ព្រមផ្តល់រថក្រោះ Leopard ជាង ១៥០ គ្រឿងចំពោះទីក្រុងកៀវដើម្បីបង្កើតកងពលតូចរថក្រោះចំនួន៩ ។

ដោយអត្ថាធិប្បាយ លើដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ស៉ី ជីនពីង នៅទីក្រុងម៉ូស្គូ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានបញ្ជាក់យ៉ាងច្បាស់ ពីភាពមិនអាចទទួលយកបាននៃបទឈប់បាញ់នៅអ៊ុយក្រែន។

នៅថ្ងៃទី២១ ខែមីនាឆ្នាំនេះ លោកស្រី Annabel Goldie អនុរដ្ឋមន្ត្រីក្រសួងការពារជាតិនៃចក្រភពអង់គ្លេស បានប្រកាសពីចេតនារបស់ទីក្រុងឡុងដ៍
ក្នុងការបញ្ជូនមិនត្រឹមតែរថក្រោះ Challenger 2 ទៅកាន់ទីក្រុងកៀវទេ ក៏ប៉ុន្តែគ្រាប់រំសេវដែលមានផ្ទុកសារជាតិវិទ្យុសកម្ម អ៊ុយរ៉ានីញ៉ូមថែមទៀត។

លោក អាណាតូលី បូរ៉ូវិច បានឲ្យដឹងទៀតថា សហភាពអឺរ៉ុបបានប្រកាស ផ្តល់ថវិកាប្រមាណ២ពាន់លានដុល្លារអាមេរិកសម្រាប់ការទិញគ្រាប់រំសេវជាង ១លានគ្រាប់ សម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ ជាប្រពៃណី គេនឹងយកលុយសម្រាប់គោលបំណងទាំងនេះពីមូលនិធិសន្តិភាពអឺរ៉ុប។ ជាក់ស្តែង នេះមិនមែនជាមូលនិធិសន្តិភាពទេ ប៉ុន្តែជាមូលនិធិសង្គ្រាម។ មន្ត្រីអាមេរិក និងអឺរ៉ុបបន្តធ្វើសេចក្តីថ្លែងការណ៍ដែលនៅតែឆ្ងាយពីការអំពាវនាវឲ្យមានដំណោះស្រាយដោយសន្តិវិធី។

លោកបានរំលឹកថា នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ លោក Rishi Sunak នាយករដ្ឋមន្ត្រីអង់គ្លេស បញ្ជាក់ថា ជម្លោះនេះនឹងបញ្ចប់នៅតុចរចា ប៉ុន្តែនេះជាប្រទេសអ៊ុយក្រែនណ្ហើយ ដែលគួរតែសម្រេចចិត្តអំពីរឿងនេះ។ ភារកិច្ចរបស់យើងគឺពង្រឹងគោលជំហររបស់អ៊ុយក្រែនដើម្បីរៀបចំការចរចានេះនៅពេលត្រឹមត្រូវសម្រាប់ភាគីអ៊ុយក្រែន។

នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ សមាជិកសភា Lords នៃសភាអង់គ្លេស ឧត្តមសេនីយ៍ ឡត ដានណាត (Lord Dannatt) អតីតប្រមុខកងកម្លាំងប្រដាប់អាវុធរបស់ចក្រភពអង់គ្លេសបាននិយាយថា លទ្ធផលនៃសង្រ្គាមនេះអាចសម្រេចបានតែនៅសមរភូមិតែប៉ុណ្ណោះ។ ដូច្នេះ ចក្រភពអង់គ្លេស អង្គការណាតូ សហភាពអឺរ៉ុប និងមនុស្សគ្រប់រូបនៅលោកខាងលិច គួរតែផ្តល់ការគាំទ្រដល់អ៊ុយក្រែននៅឆ្នាំនេះដើម្បីធានាបាននូវជ័យជម្នះយោធារបស់អ៊ុយក្រែន។

លោក អាណាតូលី បូរ៉ូវិច បានថ្លែងទៀតថា វត្តមានរបស់អ្នកជំនាញលោកខាងលិចនៅ ក្នុងប្រទេសអ៊ុយក្រែន ការផ្ដល់អាវុធច្រើនប្រភេទទៅកាន់ប្រទេសនេះ បណ្តាលឲ្យជម្លោះនេះមានលក្ខណៈកាន់តែធ្ងន់ធ្ងរ ដែលគំរាមកំហែងដល់សន្តិសុខអឺរ៉ុប។ អ្វីទាំងអស់នេះ គឺជាភស្តុតាងបន្ថែមនៃចេតនាឈ្លានពានរបស់បស្ចិមប្រទេស ដែលមិនត្រូវការសន្តិភាពនៅអ៊ុយក្រែន ក្នុងតំបន់ និងនៅលើពិភពលោកទាំងមូល។ លោកខាងលិច មានគំនិតដ៏ឆ្កួតលីលានៃការបរាជ័យជាយុទ្ធសាស្ត្រលើប្រទេសរុស្ស៉ី ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីលះបង់ប្រទេសទាំងមូល ប្រជាជន រាប់លាននាក់ដើម្បីសម្រេចភារកិច្ចនេះ។

បើតាមលោក អាណាតូលី បូរ៉ូវិច ព្រឹត្ដិការណ៍ទាំងអស់នេះបង្ហាញឲ្យឃើញថា ទាំងទីក្រុងកៀវ ទាំងបណ្តាប្រទេសលោកខាងលិចមិនយកចិត្តទុកដាក់ដល់ការដោះស្រាយជម្លោះនោះទេ។ ពួកគេចាប់អារម្មណ៍ ដល់ការធ្វើឲ្យជម្លោះនេះមានលក្ខណៈកាន់តែធ្ងន់ធ្ងរ។ ពួកគេមិនខ្វល់ថាដោយសារសកម្មភាពរបស់ពួកគេ ពួកគេបានប្រែក្លាយអ៊ុយក្រែនទៅជាវាលឆេះយ៉ាងពិតប្រាកដ ហើយឥឡូវនេះក៏ជាប្រភពនៃការបំពុលដោយវិទ្យុសកម្មផងដែរ។ ដូច្នេះហើយ យើងនឹងបន្តប្រតិបត្តិការយោធាពិសេស។ គោលដៅនិងគោលបំណងដែលត្រូវបានលើកឡើងដោយថ្នាក់ដឹកនាំរុស្ស៉ី ត្រូវបានបញ្ជាក់ច្រើនដងហើយ៕